ជំងឺច្រាលអាស៊ីតក្រពះ (Gastroesophageal Reflux Disease – GERD)

ជំងឺច្រាលអាស៊ីតក្រពះ (Gastroesophageal Reflux Disease – GERD)

ជំងឺច្រាលអាស៊ីតក្រពះ (GERD) គឺកើតឡើងពេលដែលអាស៊ីតក្នុងក្រពះ ហូរច្រាលត្រឡប់ចូលទៅក្នុងបំពង់អាហារ បណ្តាលឱ្យក្រហាយទ្រូង និងច្រាលជាតិអាស៊ីត ដែលធ្វើឲ្យរំខានដល់សកម្មភាពរស់នៅប្រចាំថ្ងៃរបស់អ្នកជំងឺ។ ការច្រាលអាស៊ីតក្រពះ អាចកើតឡើងទាំងចំពោះទារក និងមនុស្សពេញវ័យ។

  • មូលហេតុនៃការច្រាលអាស៊ីតក្រពះ
  • រោគសញ្ញាច្រាលអាស៊ីតក្រពះ
  • ការធ្វើរោគវិនិច្ឆ័យ
  • ជម្រើសការព្យាបាលការច្រាលអាស៊ីតក្រពះ

មូលហេតុនៃការច្រាលអាស៊ីតក្រពះ

  • ភាពមិនប្រក្រតីនៃប្រឺសបំពង់អាហារផ្នែកខាងក្រោម (sphincter)៖ ប្រឺសបំពង់អាហារផ្នែកខាងក្រោមដើរតួនាទីជាសន្ទះបិទរវាងក្រពះ និងបំពង់អាហារ ក្លាយទៅជាខ្សោយ ឬបើកចំហរយូរជាងធម្មតា បណ្តាលអោយអាស៊ីតក្រពះច្រាលឡើងលើចូលទៅក្នុងបំពង់អាហារ។ ភាពមិនប្រក្រតីនេះ ជាទូទៅត្រូវបានបង្ករឡើងដោយការប្រើប្រាស់គ្រឿងស្រវឹង ថ្នាំជក់ និងថ្នាំព្យាបាលជំងឺហឺតមួយចំនួន។
  • ភាពមិនប្រក្រតីនៃបំពង់អាហារ៖ ប្រភេទនៃភាពមិនប្រក្រតីនេះ ធ្វើឲ្យអាហារដែលធ្លាក់ចូលទៅក្នុងក្រពះមានការយឺតយ៉ាវ បណ្តាលឱ្យសារធាតុដែលនៅក្នុងក្រពះហូរត្រឡប់មកវិញ និងស្ថិតនៅក្នុងបំពង់អាហារយូរជាងធម្មតា។
  • ភាពមិនប្រក្រតីនៃក្រពះ​ ៖ មូលហេតុនេះបណ្តាលអោយមុខងាររបស់ក្រពះដំណើរការមានភាពយឺតយ៉ាវក្នុងការរុញច្រានចំណីអាហារទៅក្នុងពោះវៀន និងបង្កើននូវរោគសញ្ញានៃការច្រាលទឹកអាស៊ីតក្រពះ។ អាហារមានជាតិខ្លាញ់ និងស្ករសូកូឡាគឺកាត់បន្ថយការកន្ត្រាក់របស់ចលនាក្រពះ។
  • ជំងឺទឹកនោមផ្អែម៖ ខណៈពេលដែលមូលហេតុមិនត្រូវបានគេស្គាល់ នៅឆ្នាំ២០០៨ ត្រូវបានគេរាយការណ៍ថាការច្រាលអាស៊ីតក្រពះត្រូវបានរកឃើញនៅក្នុងប្រមាណ ៤០% នៃអ្នកដែលមានជំងឺទឹកនោមផ្អែម ជាពិសេសអ្នកដែលមានផលវិបាកនៃជំងឺទឹកនោមផ្អែមដូចជាជម្ងឺសរសៃប្រសាទ។

រោគសញ្ញានៃការច្រាលអាស៊ីតក្រពះ

  • មានអារម្មណ៍ក្តៅក្នុងទ្រូង (ក្រហាយទ្រូង) បន្ទាប់ពីបរិភោគអាហារច្រើន ឬពត់បត់ខ្លួន លើកវត្ថុធ្ងន់ៗ ឬទំលាក់ខ្លូនដេក។
  • មានរសជាតិល្វីង ឬជូរក្នុងមាត់ – វាកើតឡើងនៅពេលដែលអ្នកជំងឺភើ និងណ្តាលឱ្យមានផលវិបាកក្នុងបំពង់អាហារដូចជា ការរលាក ការហូរឈាម និងពិបាកលេប។
  • ហើមពោះ មានអារម្មណ៍ថាឆ្អែត ចង្អោរ និងក្អួតបន្ទាប់ពីការបរិភោគ។
  • ឈឺទ្រូង មានអារម្មណ៍ថាមានដុំក្នុងបំពង់ក និងការមានការក្រហែមញឹកញាប់ពេក។
  • ជំងឺហឺត ក្អកស្ងួត ឈឺក និងស្អក – រោគសញ្ញាទាំងនេះកើតមានឡើងដោយសារការច្រាលនៃអាស៊ីតក្រពះចូលទៅក្នុងបំពង់ក និងប្រអប់សំឡេងដែលបង្កឱ្យមានការរលាកនៃប្រអប់សំឡេងនោះ។
  • ចំពោះកុមារ រោគសញ្ញារួមមានការក្អួតញឹកញាប់បន្ទាប់ពីបៅទឹកដោះគោ ភាពស្លេកស្លាំង ស្រកទម្ងន់ មិនលូតលាស់ ការក្អករ៉ាំរ៉ៃ ជំងឺហឺតនៅពេលយប់ និងជំងឺរលាកសួតរ៉ាំរ៉ៃ។ កុមារខ្លះអាចឈប់ដកដង្ហើមណ្តោះអាសន្នពេលគេង។

ការធ្វើរោគវិនិច្ឆ័យ

វេជ្ជបណ្ឌិតនឹងធ្វើរោគវិនិច្ឆ័យ ជំងឺច្រាលអាស៊ីតក្រពះ (GERD) និងផ្តល់អនុសាសន៍នៃការព្យាបាលនៅពេលណាដែលរោគសញ្ញាខាងលើនេះត្រូវបានរកឃើញ។ ប្រសិនបើរោគសញ្ញាមិនមានភាពប្រសើរឡើងបន្ទាប់ពីអនុវត្តតាមដំបូន្មានរបស់វេជ្ជបណ្ឌិត ឬបន្ទាប់ពីទទួលការព្យាបាលជាមូលដ្ឋានទេ ការធ្វើតេស្តដូចខាងក្រោមនេះអាចត្រូវបានប្រើប្រាស់ដើម្បីផ្តល់នូវការធ្វើរោគវិនិច្ឆ័យលម្អិតបន្ថែមទៀត៖

  • ការថតឆ្លុះក្រពះពោះវៀន (Endoscopy)
  • ថតកាំរស្មីអ៊ិចដោយបញ្ចូលថ្នាំ Barium
  • ការសិក្សាវេជ្ជសាស្រ្តតាមនុយក្លេអ៊ែរ
  • ការធ្វើតេស្តចលនាបំពង់អាហារ
  • ការធ្វើតេស្តកំរិត pH ក្នុងបំពង់អាហារ ដែលផ្តល់លទ្ធផលភ្លាមៗ

ការផ្លាស់ប្តូររបៀបរស់នៅ

ចំពោះអ្នកជំងឺភាគច្រើន រោគសញ្ញាគឺមិនមានភាពធ្ងន់ធ្ងរនោះទេ និងអាចកាត់បន្ថយតាមរយៈការផ្លាស់ប្តូររបៀបរស់នៅសាមញ្ញដូចខាងក្រោម៖

  • រក្សាទម្ងន់សមស្រប
  • ជៀសវាងតែ កាហ្វេ ភេសជ្ជៈជាតិកាបូណាត ទឹកផ្លែឈើ អាហារជូរ និងហឺរ អាហារដែលមានជាតិខ្លាញ់ និងស្ករសូកូឡា
  • ជៀសវាងគ្រឿងស្រវឹង និងថ្នាំជក់
  • ជៀសវាងបរិភោគច្រើនសម្រាប់អាហារពេលល្ងាច ជៀសវាងទទួលទានដំណេកភ្លាមៗបន្ទាប់ពីបរិភោគអាហារ ត្រូវរង់ចាំយ៉ាងហោចណាស់ ៤ ម៉ោងបន្ទាប់ពីការទទួលទានរួច
  • ជៀសវាងសម្លៀកបំពាក់ ឬខ្សែក្រវ៉ាត់ដែលរឹបខ្លាំង
  • បរិភោគអាហារតិចតួច តែញឹកញាប់
  • គេងក្នុងស្ថានភាពក្បាលខ្ពស់យ៉ាងហោចណាស់ ៦អ៊ិញ ពីលើគ្រែនៅលើខ្នើយដែលរឹង
  • ហាត់ប្រាណអោយទៀងទាត់
  • ជៀសវាងមានអារម្មណ៍តានតឹង

ជម្រើសការព្យាបាលច្រាលអាស៊ីតក្រពះ

  • ថ្នាំគឺអាចព្យាបាលបំពង់អាហារជាសះស្បើយ និងកាត់បន្ថយការផលិតអាស៊ីត
  • ការវះកាត់អាចត្រូវបានធ្វើឡើងក្នុងករណីដូចខាងក្រោមនេះ៖
    • ក្នុងស្ថានភាពមួយដែលការប្រើថ្នាំ មិនមានប្រយោជន៍ និងរោគសញ្ញានៅតែមាន
    • ក្នុងស្ថានភាពដែលអ្នកជំងឺមិនអាចទទួលការព្យាបាលដោយថ្នាំរយៈយូរ ឬជួបនូវផលរំខានបន្ទាប់បន្សំ
គ្រួសក្នុងថង់ប្រម៉ាត់ (Gallstones)

គ្រួសក្នុងថង់ប្រម៉ាត់ (Gallstones)

គ្រួសក្នុងថង់ប្រម៉ាត់ គឺកើតមានជាទូទៅចំពោះស្ត្រីច្រើនជាងបុរស ជាពិសេសបន្ទាប់ពីអាយុ៤០ឆ្នាំ។

គ្រួសក្នុងថង់ប្រម៉ាត់

គ្រួសក្នុងថង់ប្រម៉ាត់ គឺជាកំណកមានសភាពរឹងនៃសារធាតុរាវរបស់ប្រព័ន្ធរំលាយអាហារ ដែលបង្ករឡើងនៅក្នុងថង់ប្រម៉ាត់ និងត្រូវបានបង្កើតទៅជាសារធាតុជាច្រើនផ្សេងទៀត រួមមានកូឡេស្តេរ៉ុល និងប៊ីលីរុយប៊ីន ដែលកកើតឡើងជាកំណក ដូចគ្នានិងកំណកនៃក្រាមរបស់ស្ករដែលកកនៅបាតពាង។ គ្រួសក្នុងថង់ប្រម៉ាត់អាចមានភាពខុសគ្នាចាប់ពីទំហំតូចដូចគ្រាប់ខ្សាច់ទៅទំហំធំប៉ុនគ្រាប់កូនហ្គោល។ អ្នកខ្លះអាចមានគ្រួសតែមួយ តែអ្នកខ្លះទៀតអាចមានគ្រួសរហូតដល់រាប់រយ។

  • ប្រភេទនៃគ្រួសក្នុងថង់ប្រម៉ាត់
  • កត្តាប្រឈមនៃគ្រួសក្នុងថង់ប្រម៉ាត់
  • រោគសញ្ញានៃគ្រួសក្នុងថង់ប្រម៉ាត់
  • ការធ្វើរោគវិនិច្ឆ័យជំងឺគ្រួសក្នុងថង់ប្រម៉ាត់
  • ការព្យាបាលជំងឺគ្រួសក្នុងថង់ប្រម៉ាត់

ប្រភេទនៃគ្រួសក្នុងថង់ប្រម៉ាត់

គ្រួសក្នុងថង់ប្រម៉ាត់មានពីរប្រភេទ៖

  • គ្រួសកូឡេស្តេរ៉ុល៖ ប្រហេល ៨០% នៃជំងឺគ្រួសក្នុងថង់ប្រម៉ាត់ត្រូវបានកកើតឡើងជាចម្បងពីជាតិកូឡេស្តេរ៉ុល។ ជាធម្មតា មានព័ណ៌ស លឿង ឬបៃតង ពួកវាត្រូវបានកកើតឡើងនៅពេលថង់ទឹកប្រម៉ាត់មិនអាចដំណើរការបញ្ចេញការកើនឡើងកកកុញនៃបរិមាណកូឡេស្តេរ៉ុលនៅក្នុងថង់ទឹកប្រម៉ាត់បាន។
  • Pigment Stone: Pigment Stone មានទំហំតូច និងក្រម៉ៅជាងគ្រួសកូឡេស្តេរ៉ុល និងជាធម្មតាកើតមានចំពោះអ្នកជំងឺដែលមានជំងឺក្រិនថ្លើម ឬជំងឺឈាមដូចជាជំងឺគ្រាប់ឈាម Thalassemia ជំងឺកង្វះ G6PD ជាដើម។

កត្តាប្រឈមនៃជំងឺគ្រួសក្នុងថង់ប្រម៉ាត់

  • កត្តាហ្សែន៖ អ្នកដែលមានប្រវត្តិគ្រួសារកើតជំងឺគ្រួសក្នុងថង់ប្រម៉ាត់គឺមានហានិភ័យខ្ពស់។
  • ជំងឺធាត់៖ ភាពធាត់គឺមានការប្រឈមខ្ពស់ ពីព្រោះវាបង្កើនជាតិកូឡេស្តេរ៉ុលក្នុងទឹកប្រម៉ាត់។
  • ថ្នាំអ៊ឹស្ត្រូសែន និងការមានផ្ទៃពោះ៖ អ៊ឹស្ត្រូសែន និងការមានផ្ទៃពោះ ធ្វើឲ្យកម្រិតកូឡេស្តេរ៉ុលកើនឡើង និងកាត់បន្ថយចលនារបស់ថង់ទឹកប្រម៉ាត់។ ថ្នាំពន្យារកំណើត និងការព្យាបាលដោយប្រើអ័រម៉ូន ក៏ជាហានិភ័យនៃការកើតឡើងនៃជំងឺគ្រួសក្នុងថង់ប្រម៉ាត់ដែរ។
  • ភេទ និងអាយុ៖ ជំងឺគ្រួសក្នុងថង់ប្រម៉ាត់ កើតឡើងញឹកញាប់លើស្ត្រី និងមនុស្សចាស់។
  • ជំងឺទឹកនោមផ្អែម៖ កម្រិតជាតិទ្រីគ្លីសេរីតខ្ពស់ និងការថយចុះនៃចលនាថង់ទឹកប្រម៉ាត់ចំពោះអ្នកជំងឺទឹកនោមផ្អែម គឺមានហានិភ័យខ្ពស់ផងដែរ។
  • ស្រកទម្ងន់ឆាប់រហ័ស: ប្រសិនបើអ្នកសំរកទម្ងន់លឿនពេក ថ្លើមនឹងបញ្ចេញចោលនូវជាតិកូលេស្តេរ៉ុលលើសកំរិត ហើយថង់ទឹកប្រម៉ាត់មិនអាចកន្ត្រាក់ញឹកញាប់គ្រប់គ្រាន់ដើម្បីបញ្ចេញចោលនូវទឹកប្រម៉ាត់ដែលនាំឲ្យមានជំងឺគ្រួសក្នុងថង់ប្រម៉ាត់។
  • របបអាហារ: ការទទួលទានអាហារដែលមានកូឡេស្តេរ៉ុលខ្ពស់ និងរបបអាហារមានជាតិសរសៃតិចបង្កើនហានិភ័យនៃជំងឺគ្រួសក្នុងថង់ប្រម៉ាត់ផងដែរ។

រោគសញ្ញានៃគ្រួសក្នុងថង់ប្រម៉ាត់

គ្រួសក្នុងថង់ប្រម៉ាត់ជាទូទៅមិនបណ្តាលឲ្យមានរោគសញ្ញាណាមួយឡើយ។ ជាធម្មតា អ្នកដែលមានជំងឺនេះដឹងថាគាត់មានជំងឺគ្រួសក្នុងប្រម៉ាត់នៅពេលដែលគាត់ទទួលការពិនិត្យជំងឺផ្សេងទៀត ឬក្នុងអំឡុងពេលពិនិត្យសុខភាព។ ពេលដែលរោគសញ្ញាលេចឡើង រោគសញ្ញាទាំងនេះរួមមាន៖

  • ឈឺចាប់ធ្ងន់ធ្ងរនៅផ្នែកខាងលើ ខាងស្ដាំនៃពោះ។ ការឈឺចាប់នេះអាចមានរយៈពេល១៥នាទី ឬច្រើនម៉ោងនិងអាចឈឺចាក់ទៅផ្នែកខាងក្រោយត្រង់ឆ្អឹងផាល ឬស្មាខាងស្តាំ។
  • ក្អួត
  • ចង្អោរ
  • បញ្ហាក្រពះពោះវៀនផ្សេងទៀត រួមមាន ការហើមពោះ ការមិនរំលាយអាហារ ការក្រហាយទ្រូង ផោម និងការឈឺចាប់បន្ទាប់ពីការបរិភោគអាហារមានជាតិខ្លាញ់។
  • រលាកស្រួចស្រាវនៃថង់ទឹកប្រម៉ាត់បណ្តាលឲ្យគ្រុនក្តៅ ការឈឺចាប់នៅក្នុងតំបន់ខាងក្រោមផ្នែកខាងស្តាំនៃពោះ ស្បែកនិងភ្នែកលឿង និងទឹកនោមព័ណ៌ក្រម៉ៅ។

ការធ្វើរោគវិនិច្ឆ័យជំងឺគ្រួសក្នុងថង់ប្រម៉ាត់

  • ការវាយតម្លៃនៃប្រវត្តិរបស់អ្នកជំងឺ និងការពិនិត្យរាងកាយ
  • ធ្វើតេស្តឈាមដើម្បីពិនិត្យមើលមុខងារថ្លើម
  • ធ្វើអេកូពោះ

ការព្យាបាលជំងឺគ្រួសក្នុងថង់ប្រម៉ាត់

  • ធ្វើការវះកាត់ថង់ទឹកប្រម៉ាត់
    • វះបើកពោះកាត់យកថង់ទឹកប្រម៉ាត់ចេញ
    • វះចោះពោះកាត់ថង់ទឹកប្រម៉ាត់ចេញ
  • Endoscopic cholangiopancreatography retrograde (ERCP) ត្រូវបានធ្វើឡើងក្នុងករណីគ្រួសស្ថិតនៅក្នុងបំពង់ទឹកប្រម៉ាត់។

ផលវិបាកក្រោយការវះកាត់ថង់ប្រម៉ាត់

ថង់ប្រម៉ាត់គឺជាសរីរាង្គមួយដែលជាកន្លែងរក្សាទុកទឹកប្រម៉ាត់។ នៅពេលថង់ទឹកប្រម៉ាត់ត្រូវបានកាត់ចេញ ទឹកប្រម៉ាត់នឹងហូរផ្ទាល់ចេញពីថ្លើម ដែលជាកន្លែងផលិតដោយឆ្លងកាត់ពោះវៀនតូច។ ទឹកប្រម៉ាត់តិច គឺមានការប្រមូលផ្តុំតិចតួច ប៉ុន្តែវាមិនមានប្រសិទ្ធិភាពលើការរំលាយអាហារនោះទេ។ មនុស្សប្រមាណជា ១០% ដែលគ្មានថង់ទឹកប្រម៉ាត់អាចជួបប្រទះជំងឺរាគដែលបណ្តាលមកពីលំហូរច្រើនលើសលប់នៃទឹកប្រម៉ាត់។

ការកាត់យកថង់ទឹកប្រម៉ាត់ចេញតាមឧបករណ៍ឆ្លុះពោះ គួរត្រូវបានអនុវត្តដោយអ្នកជំនាញប៉ុណ្ណោះ ពីព្រោះវាមានការប្រឈមនៃផលវិបាកមួយចំនួនដូចជា ការរបួសដោយចៃដន្យទៅនឹងបំពង់ទឹកប្រម៉ាត់ ធ្វើឲ្យមានការលេចជ្រាបទឹកប្រម៉ាត់ ឬការស្ទះបំពង់ទឹកប្រម៉ាត់បាន។

ជំងឺទឹកនោមផ្អែម (Diabetes)

ជំងឺទឹកនោមផ្អែម (Diabetes)

តើជំងឺទឹកនោមផ្អែមជាអ្វី?

ជំងឺទឹកនោមផ្អែមគឺជាក្រុមមួយនៃជំងឺដែលបង្ហាញដោយការកើនឡើងជាតិស្ករនៅក្នុងឈាមបណ្តាលមកពីការប៉ះពាល់នៃមុខងារការបញ្ចេញជាតិអាំងស៊ុយលីន សកម្មភាពរបស់អាំងស៊ុយលីន ឬមូលហេតុទាំងពីររួមគ្នា។ ជំងឺទឹកនោមផ្អែមអាចមានទំនាក់ទំនងជាមួយនឹងផលវិបាកធ្ងន់ធ្ងរ និងការស្លាប់មុនអាយុរំពឹងទុក ប៉ុន្តែអ្នកដែលមានជំងឺទឹកនោមផ្អែមអាចចាត់វិធានការដើម្បីកាត់បន្ថយលទ្ធភាពនៃការកើតមាននេះបាន។

ប្រភេទទាំង៤នៃជំងឺទឹកនោមផ្អែម

  • ជំងឺទឹកនោមផ្អែមប្រភេទទី១ ពីមុនត្រូវបានហៅថា ជាជំងឺទឹកនោមផ្អែមពឹងអាស្រ័យអាំងស៊ុយលីន (IDDM) ឬ ទឹកនោមផ្អែមកើតវ័យក្មេង (Juvenile Onset Diabetes)។​​ ជំងឺទឹកនោមផ្អែមប្រភេទទី១នេះមានចំនួន ៥%-១០% នៃជំងឺទឹកនោមផ្អែមទាំងអស់។ កត្តាហានិភ័យត្រូវបានកំណត់យ៉ាងតិចតួចសម្រាប់ជំងឺទឹកនោមផ្អែមប្រភេទទី១ ជាងជំងឺទឹកនោមផ្អែមប្រភេទទី២  ប៉ុន្តែជំងឺភាពស៊ាំប្រឆាំងគ្នា(Autoimmune) ជំងឺតំណពូជ និងកត្តាបរិស្ថានគឺមានការពាក់ព័ន្ធក្នុងការវិវដ្តទៅជាជំងឺទឹកនោមផ្អែមប្រភេទនេះ។
  • ជំងឺទឹកនោមផ្អែមប្រភេទទី២ ពីមុនត្រូវបានហៅថា ជាជំងឺទឹកនោមផ្អែមមិនពឹងអាស្រ័យអាំងស៊ុយលីន (NDDM) ឬជំងឺទឹកនោមផ្អែមកើតមនុស្សពេញវ័យ។ ជំងឺទឹកនោមផ្អែមប្រភេទទី២នេះមានប្រហែល ៩០%-៩៥% នៃជំងឺទឹកនោមផ្អែមទាំងអស់។ កត្តាប្រឈមចំពោះជំងឺទឹកនោមផ្អែមប្រភេទទី២នេះរួមមាន មនុស្សចាស់ មនុស្សធាត់ពេក និងក្រុមគ្រួសារដែលមានប្រវត្តិកើតជំងឺទឹកនោមផ្អែម ប្រវត្តិនៃការកើតជំងឺទឹកនោមផ្អែមកំឡុងមានផ្ទៃពោះ ការគ្រប់គ្រងជាតិស្ករថយចុះ មិនបានហាត់ប្រាណនិង ក្រុមអម្បូរ និងជនជាតិ។
  • ការកើនឡើងជាតិស្ករកំឡុងពេលមានផ្ទៃពោះ កើតឡើងចំនួន ២%-៥% នៃស្ត្រីមានផ្ទៃពោះទាំងអស់ ប៉ុន្តែវាបាត់ទៅវិញនៅពេលស្រី្តសម្រាលកូនរួច។ ការធាត់ខ្លាំងក៏ជាកត្តាប្រឈមខ្ពស់ផងដែរ ។ ស្រ្តីដែលកើនជាតិស្ករក្នុងឈាមកំឡុងពេលមានផ្ទៃពោះជាកត្តាប្រឈមខ្ពស់ដែលអាចកើតមានជំងឺទឹកនោមផ្អែមប្រភេទទី២ ។ នៅក្នុងការធ្វើការសិក្សា ស្រ្តីជិត ៤% ដែលមានប្រវត្តិឡើងជាតិស្ករនៅក្នុងឈាមនៅពេលមានគភ៌ អាចកើតមានជំងឺទឹកនោមផ្អែមនៅពេលអនាគត ។
  • ប្រភេទជំងឺទឹកនោមផ្អែមជាក់លាក់ផ្សេងៗទៀត បណ្តាលមកពីបណ្តុំរោគសញ្ញាតំណពូជជាក់លាក់ ការវះកាត់ ការប្រើប្រាស់ថ្នាំ កង្វះអាហារូបត្ថម្ភ ការបង្ករោគ និងជំងឺផ្សេងទៀត។ ជំងឺទឹកនោមផ្អែមប្រភេទនេះមានចំនួន ១% – ២%នៃជំងឺទឹកនោមផ្អែមទាំងអស់។

ផលវិបាកនៃជំងឺទឹកនោមផ្អែម

ជំងឺបេះដូងគឺជាមូលហេតុចម្បងនៃការស្លាប់ដែលពាក់ព័ន្ធនឹងជំងឺទឹកនោមផ្អែម។ អ្នកជំងឺទឹកនោមផ្អែមពេញវ័យដែលមានជំងឺបេះដូង គឺមានមានអត្រាស្លាប់ប្រហែល២ ​ទៅ៤ដង ខ្ពស់ជាងអ្នកមិនមានជំងឺទឹកនោមផ្អែម ។

  • ការគ្រោះថ្នាក់សរសៃឈាមខួរក្បាល មនុស្សកើតជំងឺទឹកនោមផ្អែមអាចមានអត្រាជំងឺដាច់សរសៃឈាមក្នុងខួរក្បាលខ្ពស់ចំនួន ២ទៅ៤ដង ។
  • ជំងឺលើសសម្ពាធឈាម មនុស្សកើតជំងឺទឹកនោមផ្អែមប្រហែល ៦០%-៦៥% មានសម្ពាធឈាមឡើងខ្ពស់ ។
  • ងងឹតភ្នែក
    • ជំងឺទឹកនោមផ្អែមគឺជាមូលហេតុចម្បងនៃការងងឹតភ្នែកករណីថ្មី ចំពោះមនុស្សដែលមានអាយុចាប់ពី ២០ទៅ ៧៤ឆ្នាំ ។
    • ចំនួនអ្នកជំងឺទឹកនោមផ្អែមដែលនាំអោយមានខូចសរសៃប្រាសាទនៅក្នុងភ្នែក មានការខ្វាក់ភ្នែកចំនួន ១២០០០-២៤០០០នាក់ រៀងរាល់ឆ្នាំ ។
  • ជំងឺតម្រងនោម ជំងឺទឹកនោមផ្អែម គឺជាមូលហេតុចម្បងនៃជំងឺតម្រងនោមដំណាក់កាលចុងក្រោយដែលមានប្រហែល ៤០% នៃករណីថ្មី ។
  • ជំងឺប្រព័ន្ធសរសៃប្រាសាទ
    • ប្រហែលជា ៦០% – ៧០% នៃអ្នកជំងឺទឹកនោមផ្អែមមានការខូចសរសៃប្រាសាទកម្រិតស្រាលទៅធ្ងន់ធ្ងរ (ដែលខូចញ្ញាណដឹង ឬឈឺចាប់នៅលើប្រអប់ជើង ឬប្រអប់ដៃ ប្រព័ន្ធរំលាយអាហារមិនដំណើរការល្អ ហើយនិងបញ្ហាសរសៃប្រាសាទផ្សេងៗទៀត ។
    • ទម្រង់ធ្ងន់ធ្ងរនៃជំងឺសសៃប្រសាទ គឺជាមូលហេតុចម្បងដែលនាំឲ្យកាត់ចុងអវយវះផ្នែកខាងក្រោម។
  • ការកាត់អវយវះ ជំងឺទឹកនោមផ្អែមច្រើនជាងពាក់កណ្តាលនៅសហរដ្ឋអាមេរិកត្រូវបានកាត់អវយវះចេញ។
  • ជំងឺធ្មេញ ជំងឺអញ្ចាញធ្មេញ (ជាប្រភេទជំងឺអញ្ចាញធ្មេញដែលអាចបណ្តាលឲ្យបាត់បង់ធ្មេញ) កើតឡើងញឹកញាប់ និងធ្ងន់ធ្ងរចំពោះអ្នកជំងឺទឹកនោមផ្អែម។ ជំងឺអញ្ចាញធ្មេញត្រូវបានរាយការណ៍មានចំនួន ៣០% ចំពោះមនុស្សដែលមានអាយុ ១៩ឆ្នាំ ឬលើស ដែលមានជំងឺទឹកនោមផ្អែមប្រភេទទី១។
  • ផលវិបាកចំពោះស្រ្តីមានផ្ទៃពោះ អត្រាទារកកើតមានភាពមិនប្រក្រតីពីកំណើតចំពោះម្តាយដែលមានជំងឺទឹកនោមផ្អែមមានភាពខុសគ្នាពី ០% -៥% ក្នុងចំណោមស្រ្តីទទួលការថែទាំត្រៀមជាមុន និងមានចំនួន ១០% ក្នុងចំណោមស្រ្តីដែលមិនបានថែទាំត្រៀមជាមុន។
  • ផលវិបាកផ្សេងៗទៀត
    • ជំងឺទឹកនោមផ្អែមអាចបណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិតភ្លាមៗដោយផ្ទាល់ ដូចជាជំងឺទឹកនោមផ្អែមដែលមានអាស៊ីតកេតូនក្នុងឈាម (diabetic ketoacidosis) និងប្រភេទ hyperosmolar nonketotic coma.*
    • អ្នកដែលមានជំងឺទឹកនោមផ្អែមងាយនឹងទទួលរងនូវជំងឺផ្សេងៗជាច្រើនទៀត។ ឧទាហរណ៍ដូចជា ពួកគេងាយនឹងស្លាប់ដោយជំងឺរលាកសួត ឬជំងឺគ្រុនផ្តាសាយជាងមនុស្សដែលមិនមានជំងឺទឹកនោមផ្អែម។

កំណត់ចំណាំ: * ជំងឺទឹកនោមផ្អែម ketoacidosis និងប្រភេទ hyperosmolar nonketotic coma គឺជាស្ថានភាពវេជ្ជសាស្ត្រដែលអាចបណ្តាលមកពីកម្រិតជាតិស្ករខ្ពស់ និងអតុល្យភាពគីមីជីវៈនៅក្នុងជំងឺទឹកនោមផ្អែមដែលមិនអាចគ្រប់គ្រងបាន។

លក្ខណៈរោគវិនិច្ឆ័យថ្មីសម្រាប់ជំងឺទឹកនោមផ្អែម *

លក្ខណៈរោគវិនិច្ឆ័យថ្មីៗសម្រាប់ជំងឺទឹកនោមផ្អែមរួមមានការផ្លាស់ប្តូរដូចខាងក្រោម៖

  • ការធ្វើតេស្តរោគវិនិច្ឆ័យជាទូទៅសម្រាប់ជំងឺទឹកនោមផ្អែមបច្ចុប្បន្នគឺជាការធ្វើតេស្តជាតិស្ករក្នុងឈាមបន្ទាប់ពីតមអាហារ។ ទោះជាយ៉ាងណាក៏ដោយនៅក្នុងកាលៈទេសៈណាមួយ គ្រូពេទ្យអាចជ្រើសរើសធ្វើតេស្តនៃលទ្ធភាពរាងកាយក្នុងការប្រើប្រាស់ជាតិស្ករ។
  • លទ្ធផលដែលបញ្ជាក់ថា ** លទ្ធផលនៃតេស្តជាតិស្ករក្នុងឈាមបន្ទាប់ពីអត់អាហារខ្ពស់ជាង ឬស្មើ ១២៦ មីលីក្រាម / មីលីលីត្រ (mg / dL) បញ្ជាក់ថាមានរោគវិនិច្ឆ័យនៃជំងឺទឹកនោមផ្អែម។
  • ក្នុងវត្តមាននៃរោគសញ្ញានៃជំងឺទឹកនោមផ្អែម លទ្ធផលដែលបញ្ជាក់ថា ** កម្រិតជាតិស្ករនៃតេស្តដោយមិនបាច់អត់អាហារស្មើ ឬលើសពី ២០០ មីលីក្រាម / ដេស៊ីលីត្រ បង្ហាញថារោគវិនិច្ឆ័យនៃជំងឺទឹកនោមផ្អែម។
  • ពេលគ្រូពេទ្យជ្រើសរើសការធ្វើតេស្តលទ្ធភាពរាងកាយក្នុងការប្រើប្រាស់ជាតិស្ករ(ដោយផ្តល់ជាតិស្ករចំនួន ៧៥ ក្រាមលាយក្នុងទឹក បន្ទាប់មកវាស់កម្រិតគ្លុយកូសក្នុងឈាម ២ម៉ោងក្រោយមក) តម្លៃស្ករខ្ពស់ជាងឬស្មើ ២០០ មីលីក្រាម / dL បញ្ជាក់ថាមានរោគវិនិច្ឆ័យ ជំងឺទឹកនោមផ្អែម។
  • ចំពោះស្ត្រីមានផ្ទៃពោះ តម្រូវការខុសៗគ្នាត្រូវបានប្រើប្រាស់ដើម្បីកំណត់ពីវត្តមាននៃជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ។

** លើកលែងតែកាលៈទេសៈជាក់លាក់ណាមួយ លទ្ធផលតេស្តមិនធម្មតាត្រូវតែធ្វើឡើងវិញនៅថ្ងៃផ្សេងទៀតដើម្បីបញ្ជាក់។

ការព្យាបាលជំងឺទឹកនោមផ្អែម

ការយល់ដឹងអំពីជំងឺទឹកនោមផ្អែម ការព្យាបាល និងយុទ្ធសាស្ត្រការពារមានការរីកចំរើនរាល់ថ្ងៃ។ ការព្យាបាលមានគោលបំណងរក្សាជាតិស្ករក្នុងឈាមឲ្យនៅជិតកម្រិតធម្មតាគ្រប់ពេលវេលា។ ការបណ្តុះបណ្តាលពីការគ្រប់គ្រងខ្លួនឯងគឺជាកត្តាសំខាន់ក្នុងការព្យាបាលជំងឺទឹកនោមផ្អែម។ ការព្យាបាលត្រូវតែមានលក្ខណៈបុគ្គល ហើយត្រូវតែដោះស្រាយបញ្ហាវេជ្ជសាស្រ្ត ចិត្តសាស្រ្ត និងរបៀបរស់នៅ។

  • ការព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី១ ៖ កង្វះការផលិតអាំងស៊ុយលីនដោយលំពែងអាចធ្វើឲ្យជំងឺទឹកនោមផ្អែមប្រភេទទី១ពិបាកក្នុងគ្រប់គ្រង។ ការព្យាបាលតម្រូវឲ្យមានរូបមន្តដែលរួមមានរបបអាហារដែលត្រូវបានគណនាយ៉ាងហ្មត់ចត់ ផែនការលំហាត់ប្រាណ ការធ្វើតេស្តជាតិស្ករក្នុងឈាមនៅផ្ទះ និងការចាក់អាំងស៊ុយលីនជារៀងរាល់ថ្ងៃ។
  • ការព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី២៖ រួមមានការគ្រប់គ្រងរបបអាហារ ការធ្វើលំហាត់ប្រាណ ការធ្វើតេស្តជាតិស្ករនៅផ្ទះ និងក្នុងករណីខ្លះ ប្រើឱសថលេប និង  ឬចាក់អាំងស៊ុយលីន។ ប្រហែល ៤០% នៃអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី២ ត្រូវការការចាក់អាំងស៊ុយលីន។

កម្រិតជាតិស្ករក្នុងឈាមថយក្រោយតមអាហារ

កម្រិតជាតិស្ករក្នុងឈាមថយក្រោយអត់អាហារគឺជាប្រភេទរោគវិនិច្ឆ័យថ្មីមួយដែលមនុស្សម្នាក់មានកម្រិតជាតិស្ករក្នុងឈាមក្រោយតមអាហារពី ១១០-១១៥ ម.ក / ដ.ល ។ កម្រិតជាតិស្ករនេះគឺខ្ពស់ជាងកម្រិតដែលគេចាត់ទុកថាធម្មតា ប៉ុន្តែតិចជាងកម្រិតដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យនៃជំងឺទឹកនោមផ្អែម។ អ្នកវិទ្យាសាស្រ្តកំពុងព្យាយាមសិក្សាពីរបៀបដើម្បីព្យាករណ៍ប្រភេទមនុស្សនៃក្រុមនេះមួយណាដែលនឹងបន្តវិវត្តន៍កើតជំងឺទឹកនោមផ្អែម និងវិធីការពារការវិវន្តន៍នេះ។

តើអាំងស៊ុយលីនជាអ្វី?

នៅផ្នែកខាងក្នុងលំពែង កោសិកាបែតាបង្កើតនូវអ័រម៉ូនអាំងស៊ុយលីន។ ជាមួយការបរិភោគអាហារមួយពេលៗកោសិកាបែតានឹងបញ្ចេញអាំងស៊ុយលីនដើម្បីជួយឲ្យរាងកាយប្រើប្រាស់ ឬរក្សាទុកជាតិគ្លុយកូសដែលវាទទួលបានពីអាហារ។ ចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី១ លំពែងមិនមានការបង្កើតអាំងស៊ុយលីនទៀតទេ។ កោសិកាបែតាត្រូវបានបំផ្លាញ។ ពួកគេត្រូវការចាក់អាំងស៊ុយលីនដើម្បីប្រើប្រាស់ជាតិគ្លុយកូសពីចំណីអាហារ។ អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី២ បង្កើតអាំងស៊ុយលីន ប៉ុន្តែរាងកាយរបស់ពួកគេមិនបានឆ្លើយតបយ៉ាងល្អចំពោះវានោះទេ។ អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី២ ត្រូវការថ្នាំលេប ឬថ្នាំចាក់អាំងស៊ុយលីនដើម្បីជួយឲ្យរាងកាយរបស់ពួកគេប្រើប្រាស់ជាតិគ្លុយកូសសម្រាប់បង្កើតជាថាមពល។ អាំងស៊ុយលីនមិនត្រូវបានធ្វើឡើងជាប្រភេទថ្នាំគ្រាប់ទេ។ វានឹងត្រូវរលាយក្នុងកំឡុងពេលរំលាយអាហារដូចប្រូតេអ៊ីនក្នុងអាហារដែរ។ ដូច្នេះត្រូវចាក់អាំងស៊ុយលីនចូលទៅក្នុងខ្លាញ់ក្រោមស្បែកដើម្បីឲ្យវាចូលក្នុងឈាមរបស់អ្នក។ អាំងស៊ុយលីនមានច្រើនជាង២០ប្រភេទនៅលើទីផ្សារ។ អាំងស៊ុយលីនទាំងនេះមានភាពខុសគ្នាតាមរបៀបដែលពួកគេត្រូវបានផលិតឡើង របៀបដែលពួកគេធ្វើការក្នុងរាងកាយ និងតម្លៃ។

  • អាំងស៊ុយលីនមានបួនប្រភេទ ដែលផ្អែកលើ
  • តើអាំងស៊ុយលីនចាប់ផ្តើមធ្វើការលឿនប៉ុណ្ណា(ចាប់ផ្តើម)
  • ពេលដែលវាមានប្រសិទ្ធិភាពខ្ពស់បំផុត (ពេលវលាខ្ពស់បំផុត)
  • តើវាមានរយៈពេលយូរប៉ុណ្ណានៅក្នុងខ្លួនអ្នក (រយៈពេល)

ថ្នាំគ្រាប់សម្រាប់ព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី២

ការព្យាបាលដំបូងសម្រាប់ជំងឺទឹកនោមផ្អែមប្រភេទទី២ ជាញឹកញាប់គឺផែនការរបបអាហារសម្រាប់ការគ្រប់គ្រងជាតិស្ករក្នុងឈាម ការសម្រកទម្ងន់ និងការធ្វើលំហាត់ប្រាណ។ ប៉ុន្តែពេលខ្លះ វិធានការទាំងនេះមិនគ្រប់គ្រាន់ដើម្បីនាំយកជាតិស្ករក្នុងឈាមទៅជិតកម្រិតធម្មតានោះទេ។ ជំហានបន្ទាប់គឺការប្រើថ្នាំដែលបន្ថយកម្រិតជាតិស្ករនៅក្នុងឈាម។ ឱសថមានពីរប្រភេទគឺឱសថលេប (ថ្នាំគ្រាប់) និងថ្នាំចាក់អាំងស៊ុយលីន។ ថ្នាំគ្រាប់សម្រាប់ជំងឺទឹកនោមផ្អែមមិនមែនជាអាំងស៊ុយលីននោះទេ។ 

របៀបដែលថ្នាំទឹកនោមផ្អែមធ្វើការ

ចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែមកម្រិតជាតិស្ករនៅក្នុងឈាមខ្ពស់ខ្លាំង។ កម្រិតខ្ពស់ទាំងនេះកើតឡើងដោយសារតែជាតិស្កមានតែនៅក្នុងឈាមច្រើនជាងចូលក្នុងកោសិកាដែលវាត្រូវទៅ។ ប៉ុន្តែដើម្បីឲ្យជាតិគ្លុយកូសចូលទៅក្នុងកោសិកា ត្រូវតែមានវត្តមានរបស់អាំងស៊ុយលីន ហើយកោសិកាត្រូវតែ “ស្រេកឃ្លាន” ជាតិគ្លុយកូស។

  • អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី១ មិនបង្កើតអាំងស៊ុយលីនទេ។ ចំពោះអ្នកជំងឺក្រុមនេះ ការចាក់អាំងស៊ុយលីនជាមធ្យោបាយតែមួយគត់ដើម្បីរក្សាកម្រិតជាតិស្ករក្នុងឈាមថយចុះ។
  • អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី២ អាចមានបញ្ហាពីរ។ ពួកគេមិនបង្កើតអាំងស៊ុយលីនគ្រប់គ្រាន់ទេ និងកោសិកានៃរាងកាយរបស់ពួកគេហាក់ដូចជាមិនទទួលជាតិស្ករក្នុងបរិមាណមួយដែលពួកគេត្រូវការ។
  • ថ្នាំគ្រាប់សម្រាប់ជំងឺទឹកនោមផ្អែមទាំងអស់ដលមានលក់សព្វថ្ងៃ គឺជាសមាជិកនៃប្រភេទ៣ក្រុម។ ពួកវាធ្វើការតាមវិធីផ្សេងគ្នាក្នុងការកាត់បន្ថយជាតិស្ករក្នុងឈាម។

ក្រុមទីមួយនៃឱសថគឺរំញោចកោសិកាបែតាដើម្បីបញ្ចេញអាំងស៊ុយលីនបន្ថែម។

  • ប្រភេទថ្នាំ Sulfonylurea ត្រូវបានប្រើប្រាស់តាំងពីទសវត្សរ៍ឆ្នាំ១៩៥០ ។ ថ្នាំទាំងនេះត្រូវបានប្រើប្រាស់ជាទូទៅពីមួយទៅពីរដងក្នុងមួយថ្ងៃមុនពេលញ៉ាំអាហារ។ ប្រភេទថ្នាំ Sulfonylurea ទាំងអស់មានប្រសិទ្ធភាពស្រដៀងគ្នាលើកម្រិតជាតិស្ករនៅក្នុងឈាម ប៉ុន្តែ មានភាពខុសគ្នារវាងផលប៉ះពាល់បន្ទាប់បន្សំ ចំនួនដងនៃការទទួលទាន និងឥទ្ធិពលជាមួយថ្នាំដទៃទៀត។
  • Repaglinide គឺជាឱសថដែលមានសកម្មភាពរយៈពេលខ្លី។ វាត្រូវបានប្រើប្រាស់ចំនួនបីដងក្នុងមួយថ្ងៃមុនពេលញ៉ាំអាហារ។ ដោយសារតែប្រភេទនៃថ្នាំនេះរំញោចក្នុងការបញ្ចេញអាំងស៊ុយលីន វាអាចធ្វើឲ្យមានជាតិស្ករក្នុងឈាមទាប (hypoglycemia) ។

ក្រុមទីពីរនៃថ្នាំទឹកនោមផ្អែមគឺជួយភ្ញោចរាងកាយឲ្យប្រើប្រាស់អាំងស៊ុយលីនដែលមានស្រេចរួចទៅហើយ។

  • Metformin គឺជា Biguanide។ វាបន្ថយជាតិស្ករក្នុងឈាមដោយជួយធ្វើឲ្យអាំងស៊ុយលីនដំណើរការប្រសើរជាងមុនដែលភាគច្រើននៅក្នុងថ្លើម។ ជាធម្មតាវាត្រូវបានប្រើប្រាស់ពីរឬបីដងក្នុងមួយថ្ងៃ។ ផលប៉ះពាល់នៃថ្នាំ metformin រួមមាន ការហើមពោះដែលជាធម្មតាបាត់ទៅវិញនៅពេលអ្នកប្រើប្រាស់ថ្នាំនេះរយៈពេលមួយឬពីរសប្តាហ៍។
  • Glitazones, rosiglitazone និង pioglitazone បង្កើតជាក្រុមមួយដែលហៅថា thiazolidinediones ។ ពួកវាជួយធ្វើឲ្យអាំងស៊ុយលីនដំណើរការប្រសើរឡើងនៅក្នុងសាច់ដុំ និងជាតិខ្លាញ់។ Litazones អាចបណ្តាលឲ្យចាល់ជាតិទឹក សូមពិគ្រោះជាមួយគ្រូពេទ្យ ប្រសិនបើអ្នកមានរោគសញ្ញានៃការចាល់ជាតិទឹក។

ក្រុមទី៣ នៃឱសថលេបតាមមាត់អាចរារាំង ឬទប់ស្កាត់ការបំបែកជាតិម្សៅម្យ៉ាង និងជាតិស្ករ។

  • Acarbose និង meglitol គឺជា alpha-glucosidase inhibitors។ ពួកវាជួយឲ្យរាងកាយកាត់បន្ថយជាតិស្ករក្នុងឈាមដោយរារាំងការការបំបែកជាតិម្សៅម្យ៉ាង ដូចជា នំប៉័ង ដំឡូងនិងប៉ាស្តា។ ពួកវាក៏ជួយបន្ថយល្បឿននៃការកើនជាតិស្ករក្នុងឈាមបន្ទាប់ពីបរិភោគអាហាររួច។ សកម្មភាពរបស់ពួកគេបានពន្យឺតការកើនឡើងកម្រិតជាតិស្ករក្នុងឈាមបន្ទាប់ពីបរិភោគអាហារ។ ពួកគេគួរតែត្រូវបានលេបជាមួយអាហារមួយម៉ាត់ដំបូង។ ថ្នាំទាំងនេះអាចមានផលប៉ះពាល់ដូចជា ការផោម និងជំងឺរាគ។
ជំងឺបេះដូងពីកំណើត (Congenital Heart Defects)

ជំងឺបេះដូងពីកំណើត (Congenital Heart Defects)

ជំងឺបេះដូងពីកំណើត (congenital heart disease) សំដៅទៅលើភាពមិនប្រក្រតីមួយចំនួននៃរចនាសម្ព័ន្ធបេះដូង ឬសរសៃឈាមជុំវិញបេះដូង។ បេះដូងទារកក្នុងស្បូន ជាធម្មតាចាប់ផ្តើមធ្វើការអភិវឌ្ឍនៅក្នុងសប្តាហ៍ទី៥ នៃការមានផ្ទៃពោះ នឹងត្រូវបានកើតឡើងពេញលេញនៅជុំវិញសប្តាហ៍ទី១២ ។ សម្ភារៈហ្សែនដែលគេស្គាល់ថាជាហ្សែនគឺទទួលខុសត្រូវក្នុងការសាងសង់នៃបេះដូងរបស់ទារកនេះ។ ហ្សែនដឹកនាំធ្វើសកម្មភាព បញ្ជា និងរៀបចំរចនាសម្ព័ន្ធរបស់បេះដូង និងដើរតួនាទីក្នុងការរៀបចំប្លង់សម្រាប់រាងកាយផ្សេង ទៀត។ ហ្សែនមួយចំនួនធំត្រូវការជាចាំបាច់សម្រាប់ការអភិវឌ្ឍនៃបេះដូងរបស់ទារកក្នុងអំឡុងពេលមានផ្ទៃពោះ ហ្សែននីមួយៗត្រូវតែអាចរួមគ្នាបានត្រឹមត្រូវ។ ប្រសិនបើមានភាពមិនប្រក្រតីនៃហ្សែនណាមួយ ឬហ្សែនផ្សេងទៀត វាអាចបង្កឱ្យមានភាពមិនប្រក្រតីរចនាសម្ព័ន្ធក្នុងការអភិវឌ្ឍនៃបេះដូងទារកដែលមិនទាន់កើត។ នៅពេលបច្ចុប្បន្ន ភាពមិនប្រក្រតីមួយចំនួនតូចប៉ុណ្ណោះនៃហ្សែនតិចតួចត្រូវបានបង្ហាញបែបវិទ្យាសាស្រ្តក្នុងការបង្កឱ្យមានពិការភាពបេះដូងពីកំណើត និងភាគច្រើននៃអ្នកជំងឺ វេជ្ជបណ្ឌិតមិនអាចកំណត់មូលហេតុពិតប្រាកដនៃជម្ងឺនេះទេ។ ទោះជាយ៉ាងណា វេជ្ជបណ្ឌិតត្រូវដឹងពីកត្តាមួយចំនួនដែលបង្កើនហានិភ័យនៃជំងឺបេះដូងចំពោះទារកក្នុងផ្ទៃដោយការតាមដានលើកត្តាមួយចំនួនអំឡុងពេលមានផ្ទៃពោះដែលបេះដូងទារកកំពុងមានការអភិវឌ្ឍន៏។

  • កត្តាប្រឈម
  • រោគសញ្ញា
  • ការធ្វើរោគវិនិច្ឆ័យ
  • ការព្យាបាល

កត្តាដែលបង្កើនការប្រឈមនៃជំងឺបេះដូងពីកំណើត

  1. ប្រភេទជាក់លាក់នៃល័ក្ខខ័ណ្ឌតំណពូជ
    • ជម្ងឺ Down Syndrome វិវត្តនៅពេលដែលទារកមានក្រូម៉ូសូមទី ២១ លើសចាប់ពី២ឡើង ដែលធ្វើឲ្យការអភិវឌ្ឍន៍ផ្នែកសកម្មភាព និងការយល់ដឹងមានការយឺតយ៉ាវ និងមានកំរិតទាបជាងពិន្ទុមធ្យមនៃIQ ។ កុមារប្រមាណ៤០%ដែលមានជម្ងឺ Down Syndrome គឺមានបញ្ហាបេះដូង។
    • ជម្ងឺ Turner Syndrome កើតឡើងនៅពេលដែលទារកចាប់កំណើតមកដោយមានតែក្រូម៉ូសូម អ៊ិចតែមួយ បណ្តាលឲ្យមានកម្ពស់ទាប និងអវត្តមាននៃការមករដូវ (គ្មានកូន)។ ប្រហែលជា ៣០% នៃស្ត្រីដែលមានជំងឺនេះនឹងវិវឌ្ឍន៍ទៅជាជំងឺប្រើសបេះដូង និងមានការរួមតូចនៃសរសៃឈាមនៅជុំវិញបេះដូង។
  2. កត្តាប្រឈមចំពោះម្តាយអំឡុងពេលមានផ្ទៃពោះ
    • ស្ថានភាពរ៉ាំរ៉ៃ ដូចជាជំងឺទឹកនោមផ្អែម។ ស្ត្រីដែលមានជំងឺទឹកនោមផ្អែមដែលគ្រប់គ្រងជាតិស្ករក្នុងឈាមរបស់ពួកគេមិនបានគ្រប់គ្រាន់ក្នុងពេលមានផ្ទៃពោះនឹងបង្កើនអត្រាប្រឈមដែលកូនរបស់ពួកគេវិវឌ្ឍន៍ទៅជាជំងឺបេះដូងដោយសារជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ រួមទាំងមានការកើតឡើងនៃការខុសទីតាំងនៃសសៃឈាមធំ (Transposition of the Great Arteries) និងសាច់ដុំបេះដូងឡើងក្រាស់។
    • មានជំងឺកំឡុងពេលមានផ្ទៃពោះ ជាពិសេសអំឡុងពេលនៃត្រីមាសដំបូង អាចបង្កផលប៉ះពាល់លើការអភិវឌ្ឍនៃបេះដូងរបស់ទារក។ ប្រសិនបើម្តាយមានផ្ទៃពោះកើតជំងឺស្អូច ឧទាហរណ៍វាអាចបង្កឱ្យមានជំងឺបេះដូងពីកំណើត ក៏ដូចជាធ្វើឲ្យមានពិការភាពដល់សរីរាង្គផ្សេងទៀតដូចជាខួរក្បាល និងភ្នែកជាដើម។ ប្រសិនបើម្តាយមានជំងឺផ្តាសាយអំឡុងពេលមានផ្ទៃពោះ វាបង្កឲ្យមានការកើនឡើងការប្រឈមទ្វេដងនៃជំងឺបេះដូងពីកំណើតផងដែរ។ ដូច្នេះក្នុងអំឡុងពេលមានផ្ទៃពោះ ស្ត្រីជាម្តាយត្រូវយកចិត្តទុកដាក់ក្នុងការថែទាំសុខភាពផ្ទាល់ខ្លួនឲ្យបានល្អ និងត្រូវទទួលការចាក់វ៉ាក់សំាងការពារជំងឺកញ្ជ្រឹល និងជំងឺផ្តាសាយ កំឡុងពេលមានផ្ទៃពោះ (ប្រសិនបើនាងមិនទាន់មានប្រព័ន្ធភាពស៊ាំ) ។ លើសពីនេះ ទៀតប្រសិនបើម្តាយមានជំងឺគ្រុនក្តៅខ្លាំងអំឡុងពេលមានផ្ទៃពោះ នេះក៏អាចបង្កឱ្យមានជំងឺបេះដូងពីកំណើតផងដែរ។ ហេតុនេះហើយ ម្តាយគួរតែលេបថ្នាំដើម្បីកាត់បន្ថយរោគសញ្ញាគ្រុនក្តៅអំឡុងពេលមានផ្ទៃពោះ។ ថ្នាំប៉ារ៉ាសេតាម៉ុលជាថ្នាំដែលមានសុវត្ថិភាពសម្រាប់បញ្ចុះកំដៅអំឡុងពេលមានផ្ទៃពោះ។ ទោះជាយ៉ាងណាស្រ្តីដែលមានផ្ទៃពោះមិនគួរប្រើថ្នាំផ្សេងទៀត ដូចជាថ្នាំអាស្ពីរីនដើម្បីបញ្ចុះកំដៅនោះទេ ពីព្រោះថ្នាំអាស្ពីរីនអាចបង្កឱ្យមានជំងឺបេះដូងលើទារកក្នុងផ្ទៃ។ ស្ត្រីមានផ្ទៃពោះត្រូវប្រុងប្រយ័ត្ន ចំពោះការប្រើថ្នាំកាន់តែតិចដែលអាចធ្វើទៅបាន និងពិគ្រោះជាមួយវេជ្ជបណ្ឌិតមុននឹងប្រើប្រាស់ថ្នាំណាមួយអំឡុងពេលមានផ្ទៃពោះ។
    • ការប្រើប្រាស់ថ្នាំ ឬគ្រឿងស្រវឹងផ្សេងៗអំឡុងពេលមានផ្ទៃពោះ
      • ការប្រើគ្រឿងស្រវឹង ឬថ្នាំអំឡុងពេលមានផ្ទៃពោះអាចបង្កឱ្យមានជំងឺបេះដូង និងពិការសរីរាង្គផ្សេងទៀតដល់ទារកក្នុងផ្ទៃ រួមទាំងការពិការភាពខួរក្បាលផងដែរ។ ភាពធ្ងន់ធ្ងរនៃជំងឺនេះវានឹងអាស្រ័យលើបរិមាណថ្នាំ ឬជាតិស្រវឹងដែលម្តាយប្រើប្រាស់អំឡុងពេលមានផ្ទៃពោះ។ វិធីល្អបំផុតដើម្បីការពារនឹងពិការភាពបែបនេះគឺម្តាយត្រូវជៀសវាងការផឹកស្រា និងការប្រើថ្នាំញៀនក្នុងរយៈពេលនៃការមានផ្ទៃពោះ។
      • ម្តាយគួរតែជៀសវាងការប្រើថ្នាំផ្សេងទៀតដូចជា ថ្នាំបំបាត់ការប្រកាច់  អាយប៊ុយប្រូហ្វែន និងថ្នាំព្យាបាលចំណុចស្លាក ឬកើតមុន ដែលបណ្តាលឲ្យកង្វះសារជាតិវីតាមីន A (retinol) ក្នុងទំរង់ជាក្រែមលាបស្បែក និងថ្នាំគ្រាប់។
      • ម្តាយគួរជៀសវាងការប៉ះពាល់ជាមួយប្រភេទជាក់លាក់នៃសារធាតុគីមី ដូចជាថ្នាំលាប​ជញ្ជាំង ឬគូសគំនូរ ទឹកថ្នាំលាងជំរះខ្លាញ់និងទឹកលាងក្រចក។

រោគសញ្ញានៃជំងឺបេះដូងជំងឺ

រោគសញ្ញានៃជំងឺបេះដូងគឺអាស្រ័យលើប្រភេទ និងភាពធ្ងន់ធ្ងរនៃបញ្ហាបេះដូងដែលកំពុងកើតមាន។ ចំពោះអ្នកជំងឺដែលមានជំងឺបេះដូងស្រាល ជាធម្មតាគឺបង្ហាញរោគសញ្ញាតិចតួច ឬគ្មានរោគសញ្ញា។ ទោះជាយ៉ាងណា ចំពោះករណីធ្ងន់ធ្ងរ អាចនឹងមានរោគសញ្ញាដូចខាងក្រោម:

  • មានជាំខៀវលើស្បែក បបូរមាត់ ក្រចកដៃ និងស្រទាប់ផ្នែកខាងក្នុងមាត់ (ស្វាយ)
  • ចង្វាក់បេះដូងដើរញាប់
  • ដកដង្ហើមញាប់ ឬ ពិបាកដកដង្ហើម
  • ងាយអស់កម្លាំង ការបៅដោះថយចុះ ដោយសារតែការអស់កម្លាំង
  • មិនឡើងទម្ងន់ ឬទម្ងន់កើនឡើងមិនសមស្រប
  • បែកញើសច្រើនខុសធម្មតា​
  • អស់កម្លាំង

ការធ្វើរោគវិនិច្ឆ័យ

ពិនិត្យតាមដានការអភិវឌ្ឍន៍របស់កុមារដោយប្រើប្រាស់ការថតអេកូសាស្រ្ត ប្រភេទមួយចំនួននៃជំងឺបេះដូងពីកំណើតអាចត្រូវបានធ្វើរោគវិនិច្ឆ័យក្នុងកំឡុងពេលទារកនៅក្នុងផ្ទៃម្តាយ។ ទោះជាយ៉ាងណា មិនប្រក្រតីមួយចំនួនអាចត្រូវបានរកឃើញតែនៅពេលបន្ទាប់ពីទារកកើតមកតែប៉ុណ្ណោះ និងជាញឹកញាប់ ជំងឺបេះដូងពីកំណើតអាចនឹងត្រូវបានរកឃើញនៅពេលដែលកុមារធំ ឬពេញវ័យ។ ប្រសិនបើវេជ្ជបណ្ឌិតសង្ស័យថាកុមារណាម្នាក់មានជំងឺបេះដូងពីកំណើត វេជ្ជបណ្ឌិតនឹងធ្វើការពិនិត្យរាងកាយរបស់កុមារ និងអាចត្រូវការធ្វើតេស្តបន្ថែមទៀត ដូចរៀបរាប់ខាងក្រោម:

  • ឆ្លុះអេកូដោយប្រើរលកសំលេងដែលមានហ្វ្រេកង់ខ្ពស់(Ultrasound wave) ដើម្បីពិនិត្យមើលរចនាសម្ព័ន្ធខាងក្នុងនៃបេះដូង ដូចជាប្រឹសបេះដូង និងមុខងារនៃបេះដូង។
  • EKG ដែលប្រើប្រាស់ដើម្បីវាស់ពីសកម្មភាពអគ្គិសនីនៃបេះដូង។ វាវាស់ពីបរិមាណនៃអគ្គិសនី និងរយះពេលចរន្តអគ្គិសនីឆ្លងកាត់បេះដូង ដូច្នេះវេជ្ជបណ្ឌិតអាចនឹងរកឃើញថាតើផ្នែកណាមួយនៃបេះដូងរីកធំ ឬធ្វើការខ្លាំង។
  • ការថតកាំរស្មីអ៊ិចនៅទ្រូង ដែលអាចពិនិត្យទំហំ និងទីតាំងនៃបេះដូងព្រម រួមទាំងស្ថានភាពនៃសរសៃឈាមដែលផ្គត់ផ្គង់ឈាមទៅកាន់សួត។
  • ការចាក់បញ្ចូលកាតេទែចូលក្នុងបេះដូង (cardiac catherterization)  ដែលសំដៅទៅលើការបញ្ចូលបំពង់ប្លាស្ទិចតូចមួយ (គេស្គាល់ថាជាកាតេទែ) ចូលទៅក្នុងសរសៃឈាមធំ ជាធម្មតានៅក្រលៀន ឬសងខាងនៃក។ បន្ទាប់មកបំពង់នោះត្រូវបានរុញឆ្ពោះចូលទៅក្នុងប្រអប់បេះដូង  ដែលជាកន្លែងយើងអាចវាស់សម្ពាធ និងកម្រិតអុកស៊ីសែនក្នុងឈាម នៅក្នុងគោលបំណងដើម្បីពិនិត្យមើលមុខងារនៃបេះដូងនោះ។ លើសពីនេះទៀត វេជ្ជបណ្ឌិតអាចចាក់ថ្នាំព៌ណពិសេសម្យ៉ាង (គេស្គាល់ថា Contrast Medium) ចូលទៅក្នុងបេះដូងនៅក្នុងគោលបំណងដើម្បីពិនិត្យមើលការការងារបេះដូងដោយប្រើប្រាស់វីដេអូកាំរស្មីអ៊ិច ។
  • ការថត MRI ដែលអាចពិនិត្យរចនាសម្ព័ន្ធនៃបេះដូង និងបង្កើតនូវរូបភាព 3-D របស់បេះដូងដោយប្រើប្រាស់ដែនម៉ាញេទិក និងរំញ័រនៃថាមពលរលកវិទ្យុ។
  • ការថតស៊ីធីស្កែន ដែលអាចពិនិត្យរចនាសម្ព័ន្ធនៃបេះដូងដោយប្រើកុំព្យូទ័រកាំរស្មីអ៊ិច។

ការព្យាបាលជំងឺបេះដូងជំងឺពីកំណើត

អ្នកជំងឺបេះដូងពីកំណើតដែលមានកម្រិតស្រាលគឺមិនមានរោគសញ្ញានោះទេ និងមានការលូតលាស់តាមគំរូកំណើនធម្មតាជាទូទៅគឺមិនតម្រូវឱ្យមានការព្យាបាលនោះទេ។ ទោះជាយ៉ាងណា អ្នកជំងឺដែលមានរោគសញ្ញាធ្ងន់ធ្ងរដូចជាការខ្សោយបេះដូង ហត់ ឬងាយអស់កម្លាំង ទំនងជានឹងត្រូវលេបថ្នាំដើម្បីគ្រប់គ្រងរោគសញ្ញារបស់វា។ ទោះយ៉ាងណា បើរោគសញ្ញាមិនមានភាពប្រសើរឡើងបន្ទាប់ពីព្យាបាលទេ គឺចំាបាច់ត្រូវធ្វើទំរង់ការដោយចាក់កាតេទែ ឬធ្វើការវះកាត់ដើម្បីព្យាបាលបញ្ហានោះ។ ប្រភេទជាក់លាក់នៃជំងឺ ដូចជា ប្រហោងជញ្ជាំងបេះដូងអាចព្យាបាលបានដោយប្រើការចាក់បញ្ចូលកាតេទែចូលក្នុងបេះដូង ដូច្នេះអាចជៀសវាងការវះកាត់បើកបេះដូងបាន។ ក្នុងអំឡុងពេលនៃការធ្វើការចាក់បញ្ចូលកាតេទែ ឧបករណ៍ពិសេសមួយត្រូវបានគេដាក់ភ្ជាប់នៅផ្នែកខាងចុងនៃបំពង់ប្លាស្ទិច។ បំពង់ប្លាស្ទិចនេះត្រូវបានដាក់បញ្ចូលទៅក្នុងសរសៃឈាមធំ ជាទូទៅតាមក្រលៀន និងរុញចូលទៅក្នុងបេះដូងទៅដល់កន្លែងដែលប្រហោង។ បន្ទាប់មកឧបករណ៍នេះនឹងត្រូវប្រើដើម្បីបិទភ្ជាប់ប្រហោងនោះ។

ការថែទាំកុមារដែលមានជំងឺបេះដូងពីកំណើត

  • ការលូតលាស់ និងការអភិវឌ្ឍន៍៖ កត្តាមួយចំនួនដែលទាក់ទងទៅនឹងជំងឺបេះដូងពីកំណើតអាចរំខានដល់ការលូលាស់របស់ទារក។ ទាំងនេះរួមមាន បេះដូងដើរញាប់ ចង្វាក់ដង្ហើមកើនឡើង មិនឃ្លានអាហារ និងការថយចុះរបបអាហារដោយសារហត់ និងភាពអស់កម្លាំង។ មូលហេតុចម្បងជាងគេដែលកុមារមិនឡើងទម្ងន់ គឺដោយសារកុមារមិនបានបរិភោគអាហារដែលមានកាឡូរី និងសារធាតុចិញ្ចឹមគ្រប់គ្រាន់។ ប៉ុន្តែបើទោះបីជាកុមារ ហាក់ដូចជាទទួលទានទឹកដោះគោបានគ្រប់គ្រាន់ក៏ដោយ កុមារនោះនៅតែឡើងទម្ងន់យឺតដោយសារតែតម្រូវការនៃកាឡូរីកើនឡើង។ ការកើនឡើងទម្ងន់ពី ២៥០-៤៥០ក្រាមក្នុងមួយខែ គឺជាការកើនឡើងដែលអាចទទួលយកបានសម្រាប់ទារកដែលមានជម្ងឺបេះដូង។
  • កុមារភាគច្រើនដែលមានបញ្ហាបេះដូងពីកំណើតអាចទៅសាលា និងចូលរួមយ៉ាងពេញលេញដូចកុមារដ៏ទៃដែរ។ ទោះជាយ៉ាងណា កុមារមួយចំនួនអាចមានការយឺតយ៉ាវក្នុងការអភិវឌ្ឍន៍ ឬពិបាកក្នុងការសិក្សា។ វេជ្ជបណ្ឌិតប្រចាំរបស់កុមារអាចផ្តល់អនុសាសន៍ក្នុងការធ្វើតេស្ត និងធ្វើការជាមួយឪពុកម្តាយដើម្បីស្វែងរកដំណោះស្រាយត្រឹមត្រូវសម្រាប់ព្យាបាលកុមារ។
  • ជំងឺបេះដូងអាចបណ្តាលឲ្យមានការកើនឡើងនៃការប្រឈមចំពោះការឆ្លងមេរោគលើជាលិកាបេះដូង (endocarditis) ។ មាត់ គឺជាប្រភពចំបងនៃមេរោគដែល បណ្តាលឱ្យមានការបង្កមេរោគ។ ដូច្នេះអនាម័យមាត់ធ្មេញល្អ គឺមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងការការពារការឆ្លងរោគនៅបេះដូង។ កុមារមួយចំនួនដែលមានជំងឺបេះដូងពីកំណើតអាចនឹងតម្រូវឲ្យប្រើប្រាស់ថ្នាំប្រឆាំងបាក់តេរីមុនពេលធ្វើការវះកាត់ ឬទទួលការព្យាបាលមាត់ធ្មេញដើម្បីការពារការឆ្លងរោគនៅបេះដូង។
  • កុមារមួយចំនួនដែលមានបញ្ហាបេះដូងពីកំណើតទាមទារឱ្យធ្វើការវះកាត់ ឬទម្រង់ការជាច្រើនពេញមួយជីវិតពួកគេ។ ទោះបីជាក្រោយការវះកាត់ព្យាបាលក៏ដោយ កុមារទាំងនេះតម្រូវឱ្យមានការថែទាំជាបន្តសម្រាប់អស់មួយជីវិត។
ជំងឺក្រិនថ្លើម (Cirrhosis)

ជំងឺក្រិនថ្លើម (Cirrhosis)

ជំងឺក្រិនថ្លើមគឺជាជំងឺមួយដែលបណ្តាលមកពីការខូចខាតជាអចិន្ត្រៃយ៍ រឺមានស្លាកស្នាមនៅលើថ្លើម។ ជាលិកាដែលមានស្លាកស្នាមដែលបង្កនៅក្នុងថ្លើមរារាំងសកម្មភាពរបស់ថ្លើមមិនឲ្យដំណើរការបានត្រឹមត្រូវដោយធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពរបស់វាក្នុងការផលិតប្រូតេអ៊ីន រក្សាទុកវីតាមីន សារធាតុរ៉ែ និងបញ្ចេញចោលជាតិពុល ព្រមទាំងរាំងស្ទះលំហូរឈាមធម្មតាដែលឆ្លងកាត់ថ្លើម។

  • មូលហេតុនៃជំងឺក្រិនថ្លើម
  • រោគសញ្ញានៃជំងឺក្រិនថ្លើម
  • ការធ្វើរោគវិនិច្ឆ័យជំងឺក្រិនថ្លើម
  • ជម្រើសនៃការព្យាបាល

មូលហេតុនៃជំងឺក្រិនថ្លើម

ជំងឺក្រិនថ្លើមកើតឡើងដោយសារកត្តាជាច្រើនដូចជា:

  • ការប្រើគ្រឿងប្រាស់ស្រវឹងរ៉ាំរ៉ៃ
  • ជំងឺរលាកថ្លើមប្រភេទ B, C និង D
  • ជំងឺរលាកថ្លើមដោយប្រព័ន្ធភាពស៊ាំខ្លួនឯង
  • ជាតិដែកកើនឡើងនៅក្នុងខ្លួន
  • ជំងឺ Wilson ដែលបណ្តាលមកពីការប្រមូលផ្តុំទង់ដែងនៅក្នុងថ្លើម
  • ការស្ទះនៃបំពង់ទឹកប្រមាត់ដែលបណ្តាលអោយទឹកប្រមាត់ច្រាលត្រលប់ចូលក្នុងថ្លើមវិញ បណ្តាលឲ្យមានស្លាកស្នាមក្នុងថ្លើម និងវិវត្តទៅជាក្រិនថ្លើម
  • ខ្លាញ់ក្នុងថ្លើមដែលបង្កឲ្យរលាកថ្លើមរ៉ាំរ៉ៃ និងជំងឺក្រិនថ្លើម
  • ការប៉ះពាល់រយៈពេលយូរទៅនឹងថ្នាំមួយចំនួន
  • ការប៉ះពាល់នឹងជាតិពុលរយៈពេលយូរ
  • ជំងឺខ្សោយបេះដូងដែលកើតម្តងហើយម្តងទៀត​

រោគសញ្ញានៃជំងឺក្រិនថ្លើម

មនុស្សភាគច្រើនមានរោគសញ្ញាតិចតួច ឬគ្មានរោគសញ្ញាចំពោះជំងឺក្រិនថ្លើម ប៉ុន្តែផលវិបាកកើតឡើងដោយផ្អែកលើដំណាក់កាលនៃការវិវត្តន៍នៃជំងឺ។ នៅពេលដែលរោគសញ្ញាស្តែងឡើងពួកគេអាចមាន:

  • អស់កម្លាំង មិនឃ្លានអាហាររួមជាមួយនឹងចង្អោរ និងស្រកទម្ងន់។
  • រដូវមិនទៀងទាត់ចំពោះស្ត្រី​ សុដន់រីកធំ និងបាត់បង់ចំណង់ផ្លូវភេទចំពោះបុរស។
  • ហើមជើង ឬហើមពោះដោយសារកម្រិតអាល់ប៊ុយមីនទាប និងការចាល់សារធាតុរាវនៅជើង ឬក្នុងពោះ។
  • ជាំ ឬងាយហូរឈាមដោយសារតែការថយចុះនៃប្រូតេអ៊ីនដែលត្រូវការសម្រាប់ធ្វើឲ្យឈាមកក។
  • ឡើងលឿងលើស្បែក និងភ្នែកដែលបណ្តាលមកពីការប្រមូលផ្តុំនៃជាតិមេឡានីន។
  • រមាស់ខ្លាំងលើស្បែកដោយសារតែផលិតផលទឹកប្រមាត់ត្រូវបានចាល់លើស្បែក។
  • ការរំខានផ្លូវចិត្តនៅពេលដែលថ្លើមលែងបង្ហូរចេញនូវជាតិពុលឲ្យមានប្រសិទ្ធភាពដែលបង្កឲ្យមានជាតិពុលនៅក្នុងឈាម និងបង្កឲ្យមានបញ្ហាផ្លូវចិត្តដូចជាអារម្មណ៍មិនស្ងប់ ឬភ្លេចភ្លាំងច្រើន។
  • ប្រតិកម្មឱសថខណៈដែលថ្លើមមិនច្រោះនូវជាតិថ្នាំឲ្យមានប្រសិទ្ធភាពដូចធម្មតា ជួនកាលធ្វើអោយមានការកើនឡើងនៃជាតិថ្នាំនៅក្នុងខ្លួន និងអាចបង្កើននូវឥទ្ធិពលនៃឱសថទាំងនោះ។
  • ហូរឈាមខ្លាំងនៅក្នុងក្រពះ ឬបំពង់អាហារដោយសារលំហូរឈាមមិនប្រក្រតីដែលជាបញ្ហាគំរាមកំហែងដល់អាយុជីវិត និងត្រូវការការព្យាបាលជាបន្ទាន់។

 ការធ្វើរោគវិនិច្ឆ័យជំងឺក្រិនថ្លើម

  • ប្រវត្តិនៃរោគសញ្ញា
  • ការធ្វើតេស្តឈាម
  • ការធ្វើតេស្តផ្សេងៗ
    • ការថតស៊ីធីស្កែន (CT)
    • ការឆ្លុះអេកូ
    • ការវាស់វែងពីភាពរឹងនៃថ្លើម
    • ការច្រឹបសាច់ថ្លើមធ្វើវិភាគ (Biopsy)

ជម្រើសនៃការព្យាបាល

គោលដៅនៃការព្យាបាល គឺដើម្បីពន្យឺតនៃការវិវត្តរបស់ជាលិកាសម្លាកក្នុងថ្លើម និងការពារផលវិបាកដោយការព្យាបាលមូលហេតុរបស់វា។ វេជ្ជបណ្ឌិតជាអ្នកព្យាបាលស្ថានភាពទាំងនេះ តែទោះជាយ៉ាងណាក៏ដោយ អ្នកជំងឺគួរតែប្រុងប្រយ័ត្នក្នុងការទប់ស្កាត់ការខូចខាតបន្ថែមដែលអាចនាំអោយមានជំងឺខ្សោយថ្លើម។

គន្លឹះក្នុងការព្យាបាល និងការពារផលវិបាកនៃជំងឺក្រិនថ្លើម

  • ឈប់បរិភោគគ្រឿងស្រវឹង
  • ជៀសវាងការប្រើឱសថ និងសារធាតុដែលបង្កើនការខូចថ្លើម
  • ជៀសវាងអាហារឆៅ ជាពិសេសអាហារសមុទ្រឆៅ ព្រោះវាមានការចម្លងរោគដោយបាក់តេរី
  • បរិភោគប្រូតេអ៊ីនក្នុងបរិមាណត្រឹមត្រូវ និងជ្រើសរើសប្រូតេអ៊ីនគ្មានខ្លាញ់ដូចជា ត្រី ឬប្រូតេអ៊ីនបានពីបន្លែដូចជាសណ្តែកសៀងជាដើម។
  • ជៀសវាងការបន្ថែមអំបិលក្នុងអាហារ ប្រសិនបើហើមជើង និងពោះ
  • ចាក់ថ្នាំបង្ការជំងឺរលាកថ្លើមប្រភេទ A និង B ជំងឺផ្តាសាយ និងជំងឺរលាកសួតដោយសារជំងឺក្រិនថ្លើមធ្វើឲ្យអ្នកជំងឺកាន់តែពិបាកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង។
  • ជួបវេជ្ជបណ្ឌិតដើម្បីតានដានពីស្ថានភាពនៃជំងឺ
ជំងឺតម្រងនោមរ៉ាំរ៉ៃ (Chronic Kidney Disease)

ជំងឺតម្រងនោមរ៉ាំរ៉ៃ (Chronic Kidney Disease)

តើជំងឺតម្រងនោមរ៉ាំរ៉ៃជាអ្វី?

ជំងឺតម្រងនោមរ៉ាំរ៉ៃគឺជាស្ថានភាពមួយនៃតម្រងនោមដែលកំពុងត្រូវបានរងការខូចខាតដោយសារមូលហេតុផ្សេងៗជាច្រើន ជាលទ្ធផលវាផ្តល់នូវការបាត់បង់បន្តិចម្តងៗនិងជាអចិន្ត្រៃយ៍នៃមុខងារតម្រងនោម។ មូលហេតុចម្បងនៃជំងឺតម្រងនោមរ៉ាំរ៉ៃ មានដូចជាជំងឺទឹកនោមផ្អែម ជំងឺលើសឈាម (សម្ពាធឈាមខ្ពស់) និងជំងឺធាត់លើសទម្ងន់។ លក្ខខណ្ឌផ្សេងទៀតដែលអាចបង្កឱ្យមានជំងឺតម្រងនោមរ៉ាំរ៉ៃរួមមាន រលាកតម្រងនោម និងជំងឺហ្សែន ឧទា. ជំងឺថង់ទឹកច្រើនក្នុងតម្រងនោម (polycystic​ kidney disease)  ។

សារៈសំខាន់នៃការកំណត់រោគវិនិច្ឆ័យទាន់ពេលវេលា

ប្រសិនបើមិនបានដឹងអំពីជំងឺនេះទេ  ជំងឺតម្រងនោមអាចបង្ករផលអាក្រក់បន្តិចម្តងៗ ដែលរោគសញ្ញាជាទូទៅមិនត្រូវគេកត់សម្គាល់ រហូតដល់មានការខូចខាតធ្ងន់ធ្ងរ។ ការរកឃើញនិងកំណត់រោគវិនិច្ឆ័យទាន់ពេលវេលាដើរតួនាទីយ៉ាងសំខាន់ក្នុងការការពន្យាពេលនៃការខូចខាតបន្ថែមទៀតដែលទីបំផុតអាចបណ្តាលឲ្យខូចមុខងារតម្រងនោមទាំងស្រុង។  នៅក្នុងដំណាក់កាលចុងក្រោយ ជម្រើសនៃការព្យាបាលគឺមានតិចតូចដូចជាត្រូវលាងឈាមនិងប្តូរតម្រងនោម។

កត្តាប្រឈមនៃជំងឺតម្រងនោមរ៉ាំរ៉ៃ

កត្តាប្រឈមរួមមាន:

  • ជំងឺទឹកនោមផ្អែម
  • ជំងឺលើសឈាម ឬសម្ពាធឈាមខ្ពស់
  • ប្រវត្តិគ្រួសារដែលមានជំងឺតម្រងនោមរ៉ាំរ៉ៃ
  • វ័យចាស់ជរា
  • ជំងឺធាត់
  • ការជក់បារី

តើមានអ្វីដែលអាចធ្វើបានដើម្បីពិនិត្យរកជំងឺតម្រងនោមរ៉ាំរ៉ៃ?

ការធ្វើតេស្តរកមើលដំបូងគឺមានលក្ខណៈសាមញ្ញណាស់៖

  • ការវាស់សម្ពាធឈាម
  • ការធ្វើតេស្តទឹកនោមរកមើលជាតិប្រូតេអ៊ីន (ប្រូតេអ៊ីនក្នុងទឹកនោម): ប្រូតេអ៊ីនគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់រាងកាយ។ ជាធម្មតាតម្រងនោមច្រោះកាកសំណល់ចេញពីឈាម និងរក្សាជាតិប្រូតេអ៊ីនដែលអាចត្រូវបានប្រើប្រាស់ដោយរាងកាយ។ នៅពេលដែលមុខងារតម្រងនោមដំណើរការមិនប្រក្រតី ជាតិប្រូតេអ៊ីនក្នុងឈាម (ហៅថាអាល់ប៊ុយមីន) អាចជ្រាបចូលទៅក្នុងទឹកនោម។ ការធ្វើតេស្តទឹកនោមរកមើលជាតិប្រូតេអ៊ីនអាចត្រូវបានធ្វើដោយវិធីសាស្រ្តជាច្រើន។ ការកើនឡើងនៃបរិមាណជាតិប្រូតេអ៊ីនក្នុងទឹកនោមជាសញ្ញានៃការធ្លាក់ចុះមុខងារតម្រងនោម និងជំងឺតម្រងនោមរ៉ាំរ៉ៃមួយ។
  • ការធ្វើតេស្តឈាមរកមើលជាតិក្រេអាទីនីន (មុខងារតម្រងនោម)៖ ក្រេអាទីនីនគឺជាកាកសំណល់នៅក្នុងឈាមដែលបានបង្កើតឡើងដោយការបំបែកនៃកោសិកាសាច់ដុំ។ ជាមួយនឹងលទ្ធផលនៃការធ្វើតេស្តនេះ វេជ្ជបណ្ឌិតអាចគណនារកអត្រាចម្រោះនៃតម្រងនោម (GFR) ដែលអាចជួយកំណត់គុណភាពនៃមុខងារតម្រងនោម។ អត្រាចម្រោះនៃតម្រងនោមទាប បង្ហាញថាតម្រងនោមមិនបានដំណើរល្អក្នុងការច្រោះកាកសំណល់ចេញពីរាងកាយ។

រោគសញ្ញាជំងឺតម្រងនោមរ៉ាំរ៉ៃ

រោគសញ្ញាជំងឺតម្រងនោមរ៉ាំរ៉ៃ អាចមានភាពខុសប្លែកពីគ្នាខ្លាំង ពីព្រោះតម្រងនោមគឺមានការជាប់ពាក់ព័ន្ធនឹងមុខងារជាច្រើននៃរាងកាយរបស់យើង។ មនុស្សមួយចំនួនធ្លាប់មានរោគសញ្ញាតិចតួច និងមិនជាក់លាក់ ខណៈដែលមនុស្សជាច្រើនមិនបង្ហាញរោគសញ្ញាអ្វីទាំងអស់។ នេះគឺជាមូលហេតុដែលជំងឺតម្រងនោមរ៉ាំរ៉ៃ ជាញឹកញាប់មិនត្រូវបានធ្វើរោគវិនិច្ឆ័យរហូតដល់ចុងដំណាក់កាល។ ចូរប្រុងប្រយ័ត្នចំពោះសញ្ញានិងរោគសញ្ញាដូចខាងក្រោម៖

  • អស់កម្លាំង និងចុះខ្សោយ
  • សមត្ថភាពផ្លូវចិត្តថយចុះ
  • ការបាត់បង់ចំណង់អាហារ
  • គេងមិនលក់
  • រមាស់ និងបញ្ហាលើស្បែក
  • ការឈឺចាប់សាច់ដុំ (រមួលក្រពើ) ជាពិសេសនៅពេលយប់
  • ការហើមជើងនិងប្រអប់ជើង
  • ហើមនៅជុំវិញភ្នែក (ជាពិសេសនៅពេលព្រឹក)
  • នោមញឹកញាប់ (ជាពិសេសនៅពេលយប់)

អ្វីដែលអ្នករំពឹងទុក ប្រសិនបើអ្នកមានការប្រឈមខ្ពស់នៃជំងឺតម្រងនោមរ៉ាំរ៉ៃ?

អ្នកនឹងត្រូវធ្វើតេស្តបន្ថែមទៀត ដូច្នេះវេជ្ជបណ្ឌិតអាចធ្វើផែនការក្នុងការព្យាបាលឲ្យបានល្អបំផុត។ ការធ្វើតេស្តជាក់លាក់ដែលអ្នក រំពឹងទុករួមមាន៖

  • គណនារកអត្រាចម្រោះនៃតម្រងនោម (GFR) គឺវិធីសាស្រ្តល្អបំផុតដើម្បីវាស់វែងពីមុខងារនៃតម្រងនោម ដោយផ្អែកលើចំនួននៃក្រេអាទីនីន អាយុ ជាតិសាសន៍ និងភេទ។ GFR អាចជួយវេជ្ជបណ្ឌិតកំណត់ពីដំណាក់កាលនៃជំងឺតម្រងនោម និងរៀបចំផែនការព្យាបាលសមស្រប។
  • ការថតអេកូ ឬ CT ស្កែន​ ត្រូវបានប្រើប្រាស់ដើម្បីធ្វើរោគវិនិច្ឆ័យបញ្ហាតម្រងនោម និងផ្លូវទឹកនោមខ្លះ។ លទ្ធផលបង្ហាញជារូបភាពអនុញ្ញាតឱ្យវេជ្ជបណ្ឌិតអាចពិនិត្យមើលលើទំហំនៃតម្រងនោម និងការរកមើលជំងឺគ្រួសក្នុងតម្រងនោម ឬដុំសាច់ ព្រមទាំងពិនិត្យមើលរចនាសម្ព័ន្ធរបស់តម្រងនោម និងផ្លូវទឹកនោម។
  • ការច្រឹបសាច់តម្រងនោម គឺត្រូវធ្វើឡើងក្នុងករណីមួយចំនួនដែលមូលហេតុនៃជំងឺតម្រងនោមមិនត្រូវបានកំណត់ច្បាស់លាស់ និងវេជ្ជបណ្ឌិតត្រូវការព័ត៌មានជាក់លាក់។ សំណាកជាលិកាពីតម្រងនោមនឹងត្រូវបានពិនិត្យដោយមីក្រូទស្សន៍ដើម្បីកំណត់ពីភាពធ្ងន់ធ្ងរនៃការខូចតម្រងនោម និងកំណត់ផែនការព្យាបាលល្អបំផុតដែលអាចធ្វើទៅបាន។

ដំណាក់កាលនៃជំងឺតម្រងនោមរ៉ាំរ៉ៃ

ដំណាក់កាល ពិពណ៌នាដំណាក់កាល អត្រាចម្រោះនៃតម្រងនោម
ដំណាក់កាលទី១ ខូចខាតតម្រងនោមតិចតួច (ប្រូតេអ៊ីនឡើងក្នុងទឹកនោម) ជាមួយនិងអត្រា GFR ធម្មតា ៩០ ឬខ្ពស់ជាង
ដំណាក់កាលទី២ ខូចខាតតម្រងនោម ជាមួយការថយចុះតិចតួចនៃអត្រា GFR ៦០-៨៩
ដំណាក់កាលទី៣ ការថយចុះជាមធ្យមនៃអត្រា GFR ៣០-៥៩
ដំណាក់កាលទី៤ ការថយចុះធ្ងន់ធ្ងរនៃអត្រា GFR ១៥-២៩
ដំណាក់កាលទី៥ ខ្សោយតម្រងនោម (Kidney failure) ទាបជាង១៥

 អត្រាចម្រោះនៃតម្រងនោម នឹងអនុញ្ញាតឱ្យវេជ្ជបណ្ឌិតបានដឹងថាតើ តម្រងនោមរបស់អ្នកកំពុងដំណើរការយ៉ាងណា។ ជាធម្មតាជំងឺតម្រងនោម​មានសភាពធ្ងន់ធ្ងរដោយពេលវេលានៃការលេចចេញនៃរោគសញ្ញានិង អត្រាចម្រោះរបស់តម្រងនោមមានការថយចុះខ្លាំង។

កុមារដែលមានកម្ពស់ទាប (Children of Short Stature)

កុមារដែលមានកម្ពស់ទាប (Children of Short Stature)

កុមារដែលមានកម្ពស់ទាប អាចមានមូលហេតុជាច្រើនដូចជា កង្វះអ័រម៉ូនលូតលាស់ កង្វះក្រពេញទីរ៉ូអ៊ីត កម្ពស់ទាបពីកំណើត និងមានភាពយឺតយ៉ាវនៃភាពពេញវ័យ។

អត្រាលូតលាស់តាមក្រុមអាយុ

អត្រាលូតលាស់តាមក្រុមអាយុក្នុងមួយឆ្នាំ

ក្រុមអាយុ អត្រាលូតលាស់ក្នុង១ឆ្នាំ
ទារកទើបកើត- ១ឆ្នាំ

១– ២ឆ្នាំ

២៥ សម/ឆ្នាំ

១០ សម/ឆ្នាំ

២-៤ឆ្នាំ ៥.៥- ៩សម/ឆ្នាំ
៤-៦ ឆ្នាំ ៥ – ៨.៥សម / ឆ្នាំ
៦ឆ្នាំ ដល់ ពេញវ័យ – ក្មេងស្រី
ក្មេងប្រុស
៤.៥-៦.៥ សម /

ឆ្នាំ៤ -៦ សម/ឆ្នាំ

វ័យជំទង់– វ័យកំពុងលូតលាស់ ៨- ១៤ សម / ឆ្នាំ

តើនៅពេលណាដែលឪពុកម្តាយគួរយកកូនទៅជួបវេជ្ជបណ្ឌិត?

បើសិនជាឪពុកម្តាយកត់សម្គាល់ឃើញថាកូនរបស់ពួកគេមានរូបរាងតូច ឬទាបខុសប្រក្រតី​ ការលូតលាស់យឺត ឬមានការកើនឡើងនៃកម្ពស់ជាមធ្យមក្នុងមួយឆ្នាំទាបជាងកម្ពស់មធ្យមស្ដង់ដារ គឺត្រូវបានផ្ដល់អនុសាសន៍ដល់ពួកគេយកកូនទៅជួបវេជ្ជបណ្ឌិត។

ការចិញ្ចឹមបីបាច់កុមារដើម្បីលើកកម្ពស់ការលូតលាស់ត្រឹមត្រូវ

វេជ្ជបណ្ឌិតនឹងពិនិត្យមើលទៅលើទម្លាប់ប្រចាំថ្ងៃរបស់កុមារ និងទម្លាប់នៃការបរិភោគអាហារដើម្បីកំណត់ពីមូលហេតុដែលអាចធ្វើឲ្យមានការលូតលាស់យឺត។ នៅពេលដែលមូលហេតុត្រូវបានកំណត់ វេជ្ជបណ្ឌិតនឹងផ្តល់នូវដំបូន្មានដូចខាងក្រោម៖

  • ផ្តល់អាហាររូបត្ថម្ភត្រឹមត្រូវដល់កុមារ ដូច្នេះឪពុកម្តាយអាចជំរុញ និងលើកទឹកចិត្ដកូនរបស់ពួកគេបរិភោគអាហារសម្បូរជីវជាតិ ដែលមានសារៈសំខាន់ចាំបាច់ដល់ការលូតលាស់ និងក្នុងបរិមាណគ្រប់គ្រាន់។
  • បែងចែកពេលវេលាសមរម្យសម្រាប់ទម្លាប់រស់នៅប្រចាំថ្ងៃរបស់កុមារ៖
    • ១. ម៉ោងគ្រប់គ្រាន់សម្រាប់កុមារគេងជារៀងរាល់ថ្ងៃដែលធ្វើឱ្យមានតុល្យភាពអ័រម៉ូននិងជំរុញការលូតលាស់
    • ២. ពេលវេលាគ្រប់គ្រាន់សម្រាប់ការធ្វើលំហាត់ប្រាណដើម្បីលើកកម្ពស់ការលូតលាស់ និងមានសុខភាពល្អ
  • ផ្តល់ការថែទាំកុមារដោយក្ដីស្រឡាញ់ និងការអត់អោន គឺជាមូលដ្ឋានក្នុងការលើកកម្ពស់សុខភាពផ្លូវចិត្តល្អនិងការអភិវឌ្ឍន៍។

ការព្យាបាលនៃកុមារដែលមានកម្ពស់ទាបដោយសារកង្វះអ័រម៉ូនលូតលាស់

នាពេលបច្ចុប្បន្ននេះ ការព្យាបាលដោយប្រើអ័រម៉ូនលូតលាស់រួមមានដូចខាងក្រោម:

  • ការចាក់អរម៉ូនលូតលាស់ (Growth hormone)

មិនមានការព្យាបាលដោយអ័រម៉ូនលូតលាស់ដោយប្រើមធ្យោបាយតាមមាត់នោះទេ ដោយសារប្រូតេអ៊ីនត្រូវបានខូចខាតក្នុងផ្លូវរំលាយអាហារដែលធ្វើឱ្យការព្យាបាលគ្មាន  ប្រសិទ្ធភាព។

ការព្យាបាលប្រតិកម្មអាលែកហ្ស៊ីចំពោះកុមារ (Childhood Allergy Treatment)

ការព្យាបាលប្រតិកម្មអាលែកហ្ស៊ីចំពោះកុមារ (Childhood Allergy Treatment)

ជំងឺប្រតិកម្មអាលែកហ្ស៊ីគឺជាលក្ខខ័ណ្ឌមួយក្នុងចំណោមលក្ខខ័ណ្ឌរួមដែលកើតមានច្រើនបំផុតចំពោះកុមារ។ វាអាចបណ្តាលមកពីការប្រឈមជាមួយរបស់ផ្សេងៗពីចំណីអាហារទៅនឹងបរិយាកាស។​ របស់ខ្លះក្នុងចំណោមចំណីអាហារទូទៅជាច្រើនដែលបណ្តាលឲ្យមានប្រតិកម្មមានអាលែកហ្សីដូចជា ទឹកដោះគោ ស៊ុត សណ្តែកដី និងអាហារសមុទ្រនៅខណៈពេលដែលពពួកដែលធ្វើឲ្យមានប្រតិកម្មអាលែកហ្សីជាញឹកញាប់ក្នុងបរិដ្ឋាននៅក្នុងប្រទេសថៃគឺពពួកសត្វល្អិតដែលនាំធូលីដី ក្រឡាត និងសត្វចិញ្ចឹមទាំងឡាយ។ លក្ខខ័ណ្ឌដែលធ្វើឲ្យមានប្រតិកម្មអាលែកហ្សីនេះអាចមានការប៉ះពាល់ដល់ស្បែក ផ្លូវដកដង្ហើម និងផ្លូវរំលាយអាហារ។​

  • សញ្ញានិងរោគសញ្ញាទាំងឡាយនៃប្រតិកម្មអាលែកហ្ស៊ីចំពោះកុមារ  
  • ការធ្វើរោគវិនិច្ជ័យនិងការព្យាបាលនៃប្រតិកម្មអាលែកហ្ស៊ីចំពោះកុមារ
  • តេស្តប្រតិកម្មអាលែកហ្ស៊ី

សញ្ញានិងរោគសញ្ញាទាំងឡាយនៃប្រតិកម្មអាលែកហ្ស៊ីចំពោះកុមារ  

  • ស្បែក
    • មានចំណុចអុចៗកន្ទួល ហើយរមាស ឬស្បែកស្ងួត ក និងផ្នែកដែលអាចបត់បាននៅខាងចុងដៃចុងជើងរបស់អវៈយវៈ
    • ការចេញកន្ទួលនៅលើស្បែកអាចនៅជាប់ជាប្រចាំ ឬក៏ចេញបាត់ៗ
  • ផ្លូវដកដង្ហើម
    • មានហៀរសំបោរ កណ្តាស់ តឹងច្រមុះ ឬមានរមាស់ច្រមុះ
    • វាអាចកើតមានរាល់ថ្ងៃ ឬពេលជាក់ស្តែងណាមួយនៅក្នុងថ្ងៃនីមួយៗ
    • ពេលខ្លះអាចបង្ហាញជាជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ឬក៏រលាកឆ្អឹងស៊ីនុស
    • ក្អក ឬហត់អាចកើតមាន នៅពេលដែលប្រឈមជាមួយសារធាតុដែលបង្កឲ្យមានប្រតិកម្មអាលែកហ្សីជាក់ច្បាស់ណាមួយ ឬក៏កាលៈទេសៈពិតប្រាកដ ដូចជាការធ្វើលំហាត់ប្រាណ ឬការផ្លាស់ប្តូរអាកាសធាតុ។
  • ផ្លូវរំលាយអាហារ​
    • មានហើមបបូរមាត់ មានលេចចេញចំណុចព៌ណក្រហមនៅជំវិញមាត់
    • មានចង្អោរ ស្តោះទឹកមាត់ និងក្អួត
    • ហើមពោះ លាមកសុទ្ធតែទឹក លាមកមានឈាមនិងសំបោរ

ការធ្វើរោគវិនិច្ជ័យ និងការព្យាបាលនៃប្រតិកម្មអាលែកហ្ស៊ីចំពោះកុមារ

គ្រូពេទ្យនឹងធ្វើតេស្តនិងព្យាបាលចំពោះជំងឺទាំងឡាយដែលមានប្រតិកម្មអាលែកហ្សីចំពោះកុមារមានដូចជា៖

  • ការរលាកសន្ធានភ្នែក​និងច្រមុះដែលបណ្តាលមកពីប្រតិកម្មអាលែកហ្ស៊ី
  • ជំងឺហឺត
  • ជំងឺរលាកឆ្អឹងស៊ីនុស
  • ជំងឺកន្ទាលត្រអាក
  • ជំងឺរលាកស្បែក Atopic dermatitis
  • ប្រតិកម្មអាលែកហ្ស៊ីដែលហើមនៅស្បែកឬភ្នាសមុយកឹ (Angioedema)
  • ប្រតិកម្មអាលែកហ្ស៊ីធ្ងន់ធ្ង (Anaphylaxis)

ការធ្វើតេស្តអាលែកហ្ស៊ី

  • ការធ្វើតេស្តនៅលើស្បែក៖​​ ការធ្វើតេស្តនៅលើស្បែកគឺជាបច្ចេកទេសទូទៅមួយដែលពេញនិយមដែលប្រើសម្រាប់ធ្វើតេស្តរកប្រតិកម្មអាលែកហ្ស៊ី។​ ​យើងអាចរកំណត់បានថាសារធាតុដែលធ្វើឲ្យប្រតិកម្មអាលែកហ្ស៊ីមួយណាដែលឆ្លើយតបទៅនឹងរោគសញ្ញា និងជាទូទៅវាបង្ហាញលទ្ធផលក្នុងរយៈ២០នាទី។​
  • ការធ្វើតេស្តឈាម៖ការធ្វើតេស្តឈាមអាចត្រូវធ្វើឡើងសម្រាប់ជាតេស្តជម្រើសល្អបំផុតរបស់ប្រតិកម្មអាលែកហ្ស៊ីចំពោះអ្នកជំងឺពិសេស។
  • ការធ្វើតេស្តការប្រឈមជាមួយនឹងអាហារ/ការធ្វើតេស្តបំណះ (គឺជាវិធីសាស្រ្តប្រើសម្រាប់កំណត់ថាតើសារធាតុជាក់លាក់ណាមួយដែលបណ្តាលឲ្យមានប្រតិកម្មអាលែកហ្ស៊ីទៅលើស្បែករបស់អ្នកជំងឺ) តេស្តទាំងពីនេះ​អាចធ្វើបានចំពោះអ្នកជំងឺដែលជ្រើសរើស។
  • ការធ្វើតេស្តមុខងាររបស់សួត៖ ការធ្វើតេស្តមុខងាររបស់សួតអាចត្រូវបានធ្វើឡើងចំពោះកុមារដែលមានជំងឺហឺត ឬសង្ស័យថាមានជំងឺផ្លួវដង្ហើមដ៏ទៃទៀត។

សូមទៅជួបជាមួយគ្រូពេទ្យជំនាញដើម្បីពីភាគ្សាលំអិត។

មហារីកមាត់ស្បូន (Cervical Cancer)

មហារីកមាត់ស្បូន (Cervical Cancer)

មហារីកមាត់ស្បូនគឺជាជំងឺមហារីកទី២បន្ទាប់ពីមហារីកដោះដែលជាទូទៅច្រើនកើតលើស្ត្រីនៅលើពិភពលោក ហើយ​ជំងឺនេះបានទាញយកជីវិតរបស់ស្រ្តីរៀងរាល់ថ្ងៃ។

ការពិតសំខាន់នានាដែលអ្នកគួរដឹងអំពីវីរុស Human Papilloma Virus (HPV)

  • ស្រី្តដែលសកម្មនឹងការរួមភេទនឹងទំនងជាឆ្លងវីរុស HPV នៅត្រង់ចំនុចណាមួយនៃជីវិតរស់នៅរបស់ពួកគេ។ ទោះបីជាយ៉ាងណាក៏ដោយ ករណីដែលកើតឡើងជាង ៩០% ការឆ្លងនេះនឹងបាត់ទៅវិញដោយខ្លួនឯងក្នុងអំឡុង ១ ទៅ២ ឆ្នាំ ដោយមិនបណ្តាលអោយលេចចេញជារោគសញ្ញា ឬ ជំងឺបន្ថែមនោះទេ។
  • ការប្រើប្រាស់ស្រោមអនាម័យក្នុងពេលរួមភេទ នឹងជួយការពារការឆ្លងរោគ ប៉ុន្តែមិនមែនគ្រប់ករណីនោះទេ។
  • ទោះបីជាស្រ្តីទាំងនោះមានដៃគូរួមភេទតែមួយក៏ដោយ ក៏នៅតែមានឱកាស​​ក្នងការឆ្លងដែរ។ ដូច្នោះការពិនិត្យតាមដានយ៉ាងទៀងទាត់ដើម្បីរកមើល​វីរុស HPV គឺមានសារៈសំខាន់ខ្លាំងណាស់។

មូលហេតុចំបងនៃមហារីកមាត់ស្បូន

  • វីរុស HPV ជាមូលហេតុចំបងនៃមហារីកមាត់ស្បូន ជាពិសេសគឺវីរុស HPV“ ដែលមានគ្រោះថ្នាក់ខ្លាំង”
  • វាត្រូវបានគេរកឃើញថា HPV ប្រភេទ​១៦ និងប្រភេទ ១៨ គឺជាប្រភេទវីរុសដែលជាទូទៅភាគច្រើនរកឃើញលើករណីដែលបានកើតមហារីកមាត់ស្បូន។ ​ក្នងករណីទាំងអស់នោះ វីរុស HPV ប្រភេទ១៦ គឺទូទៅច្រើនរកឃើញប្រហែល ៥០%ទៅ៥៥% ឯ​ វីរុស HPV ប្រភេទ១៨ បានរកឃើញប្រហែល ១៥% ​ទៅ ២០% នៃករណីសរុប។
  • ទិន្នន័យផ្នែកវេជ្ជសាស្រ្តក៏បានបង្ហាញដែរថា វីរុស HPV ប្រភេទ១៨ ត្រូវបានគេរកឃើញញឹកញាប់បំផុតទៅលើមហារីកកោសិកាក្រពេញ (មហារីកដុំសាច់/ adenocarcinoma) ដែលទំនងជាច្រើនកើតជាទូទៅផងដែរ។
  • មហារីកដុំសាច់(adenocarcinoma)មានឱកាសខ្ពស់ក្នុងការកំណត់រោគវិនិច្ឆ័យខុសដោយផ្អែកលើការពិនិត្យកោសិកាមហារីកមាត់ស្បូន(Pap smear)តែ មួយ។
  • ថ្មីៗនេះសមាគមន៍ASCCP (American Society of Colposcopy and Cervical Pathology)​ នៅប្រទេសអាមេរិកបានផ្តល់អនុសាសន៍ដោយអោយមានការពិនិត្យរួមដោយការប្រើ​ការពិនិត្យកោសិកាមហារីកមាត់ស្បូន និងការពិនិត្យរកវីរុស HPV ដើម្បីពិនិត្យរកមើលមហារីកមាត់ស្បូនលើស្រ្តីចាប់ពីអាយុ៣០ឆ្នាំ ឬច្រើនជាងនេះ​ ដែលការពិនិត្យតេស្តនេះនឹងជួយបង្កើនភាពសុក្រិតនៃការពិនិត្យបន្ថែមទៀត។

សារប្រយោជន៍នៃការពិនិត្យកោសិកាមហារីកមាត់ស្បូន និងការពិនិត្យរកវីរុស​ HPV រួមគ្នា

  • ការពិនិត្យកោសិកាមហារីកមាត់ស្បូន និង ការពិនិត្យរកវីរុស​ HPV រួមគ្នាដើម្បីរកមើលមហារីកមាត់ស្បូននាពេលបច្ចុប្បន្ននេះ បានផ្តល់នូវសារៈសំខាន់ផ្នែកគ្លីនិកកាន់តែច្រើនជាងមុន ដោយសារការសិក្សាស្រាវជ្រាវបានបង្ហាញថាការបង្កើតនូវការពិនិត្យកោសិកាមហារីកមាត់ស្បូន និងការពិនិត្យរកវីរុស​ HPV រួមគ្នាធ្វើអោយមានភាពប្រសើរឡើងដល់ការកំណត់បានត្រឹមត្រូវលើការស្វែងរកមើលមុនការកើតមហារីក និងពេលមានមហារីកមាត់ស្បូន។
  • ការពិនិត្យរួមគ្នាផ្តល់នូវលទ្ធផលក្នុងលក្ខណៈកាន់តែពិតប្រាកដជាង ហើយការច្រឡំ/ភាពមិនច្បាស់លាស់កាន់តែតិច​ ដែលមានភាពត្រឹមត្រូវជិត ១០០% ក្នុងខណៈនោះអ្នកជំងឺដែលបានពិនិត្យរកមើលវីរុស HPV “ ដែលមានគ្រោះថ្នាក់ខ្លាំង” (ជាពិសេសវីរុស HPV ប្រភេទ​១៦ និង ប្រភេទ ១៨ ) មានលទ្ធផលអវិជ្ជមាន ហើយលទ្ធផលការពិនិត្យកោសិកាមហារីកមាត់ស្បូន មានលក្ខណៈធម្មតា គឺមានឱកាសទាបក្នុងការកើតមហារីកមាត់ស្បូននៅក្នុងរយៈពេល ២ទៅ៣ឆ្នាំបន្ទាប់ពីការពិនិត្យ និងមានទំនុកចិត្ត អាចរង់ចាំនៅ៣ឆ្នាំក្រោយទៀតមុនការពិនិត្យម្តងទៀត។
  • ការពិនិត្យរួមគ្នាក៏ផ្តល់នូវព័ត៌មានត្រឹមត្រូវបន្ថែមទៀតដល់គ្រូពេទ្យក្នុងការប៉ាន់ប្រមាណភាពប្រឈមនឹងមហារីកមាត់ស្បូន ដោយសារថាលទ្ធផលនៃការពិនិត្យរកប្រភេទវីរុស HPV ដែលជាក់លាក់អាចជួយគ្រូពេទ្យក្នុងការធ្វើផែនការព្យាបាល និង តាមដានលទ្ធផលអោយកាន់តែមានប្រសិទ្ធិភាព។

វិធីសាស្រ្តប្រមូលវត្ថុវិភាគដើម្បីកំណត់រោគវិនិច្ឆ័យនៃមហារីកមាត់ស្បូន

ការកំណត់រោគវិនិច្ឆ័យនៃមហារីកមាត់ស្បូន ទាក់ទងនឹងការប្រមូលសំណាកកោសិកានៅមាត់ស្បូន។ ដើម្បីអនុវត្តវិធីនេះបាន គ្រូពេទ្យនឹងប្រើប្រដាប់បើកទ្វាមាស(Spatula), សំលីតំបារ ឬក៏ច្រាសកៀរនៅមាត់ស្បូនដែលមានសភាពទន់ ដើម្បីប្រមូលយកកោសិកាដោយថ្នមៗពីមាត់ស្បូនរបស់អ្នកជំងឺ។ ខណៈនោះសំណាកនេះ​នឹងត្រូវបានគេបញ្ជូលទៅក្នុងដបដែលមានទឹកសូលុយស្យុងការពារកោសិកា ហើយបន្ទាប់មកនឹងត្រូវបានគេបញ្ជូនទៅកាន់ទីពិសោធន៍ ដែលជាជំហានចុងក្រោយក្នុងការពិនិត្យរកមើលវីរុស HPV និងការពិនិត្យកោសិកាមហារីកមាត់ស្បូន រកមើលភាពមិនធម្មតានានា។

មហារីកសុដន់ (Breast Cancer)

មហារីកសុដន់ (Breast Cancer)

ទូទាំងពិភពលោក មហារីកសុដន់ជាប្រភេទមហារីកដែលជាទូទៅច្រើនកើតលើស្តី្រ ហើយបើគិតលើអត្រាស្លាប់ ជំងឺនេះស្ថិតនៅលំដាប់ខ្ពស់បំផុតទី២។ បុរសក៏អាចវិវត្តទៅជាមហារីកសុដន់ដែរ បើទោះបីជាការកើតនៃជំងឺនេះកើតឡើងដោយកម្រក៏ដោយ។​ ប្រហែល ៩០% នៃករណីកើតជំងឺមហារីកសុដន់ទាំងអស់ ចាប់ផ្តើមឡើងនៅក្នុងជាលិកានៃបំពង់បង្ហូរទឹកសុដន់ ឬក៏នៅក្នុង​ក្លែបតូចៗដែលបញ្ជូនទឹកដោះទៅកាន់បំពង់បង្ហូរ។ វាអាចនឹងធ្វើរោគវិនិច្ឆ័យថាជាមហារីកសុដន់នៅដំណាក់កាលដំបូងបាន។ ការរកឃើញឆាប់រហ័សនៃមហារីក បង្កើនឱកាសច្រើនក្នុងការទទួលបានការព្យាបាលបានជោគជ័យ។

  • កត្តាប្រឈមមុខនឹងមហារីកសុដន់
  • រោគសញ្ញានៃមហារីកសុដន់
  • ការពិនិត្យរកមើលមហារីកសុដន់
  • ការកំណត់រោគវិនិច្ឆ័យមហារីកសុដន់
  • ការព្យាបាលមហារីកសុដន់

កត្តាប្រឈមមុខនឹងមហារីកសុដន់

  • អាយុ៖ ស្រ្តីដែលមានអាយុលើសពី៥០ឆ្នាំ គឺប្រឈមមុខខ្ពស់ជាងគេ។
  • ប្រវត្តិផ្ទាល់ខ្លួនទាក់ទងនឹងមហារីកសុដន់៖ អ្នកជំងឺដែលធ្លាប់ធ្វើរោគវិនិច្ឆ័យថាមានមហារីកសុដន់នៅសុដន់ម្ខាងពីមុន គឺទំនងជាមានការវិវត្តមហារីកទៅសុដន់ម្ខាងទៀត។
  • ប្រវត្តិផ្ទាល់ខ្លួនទាក់ទងនឹងមហារីកនៅអូវែ៖ ដោយសារថាមហារីកអូវែមានទំនាក់ទំនងនឹងការប្រើប្រាស់អ័រម៉ូន ហេតុនេះប្រវត្តិធ្លាប់កើតមហារីកអូវែបង្កើនការប្រឈមមុខទៅនឹងមហារីកសុដន់។
  • ក្រុមគ្រួសារធ្លាប់មានប្រវត្តិកើតមហារីកសុដន់៖ ការប្រឈមមុខនឹងការកើតមានមហារីកសុដន់មានកំរិតខ្ពស់ជាងប្រសិនបើមានសមាជិកណាម្នាក់ធ្លាប់មានជំងឺមហារីកសុដន់។
  • ការផ្លាស់ប្តូរ BRCA1ឬក៏ BRCA2 ៖ ការផ្លាស់ប្តូរហ្សែន គឺមានទំនាក់ទំនងនឹងការប្រឈមមុខខ្ពស់នឹងការកើតឡើងមហារីកសុដន់។
  • ការប្រឈមនឹងការបញ្ចេញអ័រម៉ូនអឹស្រ្តូហ្សែន៖ អ័រម៉ូនភេទអឺស្រ្តូហ្សែនរបស់ស្រ្តី បន្ថយ/ប៉ះពាល់ដល់លក្ខណៈជាស្រ្តី។ ការប្រឈម/ជួបនឹងការបញ្ចេញអ័រម៉ូនអឺស្រ្តូហ្សែនយូរ អាចនឹងបង្កើនការប្រឈមមុខនឹងកើតមហារីកសុដន់។
  • កត្តានានាទាក់ទងនឹងបែបបទ/របៀបនៃការរស់នៅ ដូចជា ភាពធាត់ កង្វះលំហាត់ប្រាណ ការផឹកស្រា និងការប្រឈមនឹងចំហាយវិទ្យុសកម្មក្នុងកំរិតខ្ពស់។

រោគសញ្ញានៃមហារីកសុដន់

នៅក្នុងករណីមួយចំនួន ស្រ្តីដែលមានមហារីកសុដន់អាចមិនមានរោគសញ្ញាទេចំណែកភាពមិនធម្មតាខ្លះដែលពួកគេធ្លាប់ជួបប្រទះអាចនឹងមិនមែនជាមហារីក។ ទោះបីជាយ៉ាងណាក៏ដោយ វាមានសារ:សំខាន់ណាស់ក្នុងការស្វះស្វែងរកការយកចិត្តទុកដាក់ផ្នែកវេជ្ជសាស្រ្តនៅពេលមានរោគសញ្ញាខាងក្រោមនេះកើតមានឡើង៖

  • មានដុំ ឬ ឡើងរឹងនៅសុដន់ ឬនៅក្លៀក
  • ក្បាលសុដន់ចាប់ផ្តើមខូង/ខួច មានហូរទឹកចេញពីក្បាលសុដន់ ឬ ដំបៅនៅក្បាលសុដន់
  • កន្ទួលក្រហមនៅសុដន់ ដោយមានការលេចឡើងនូវការរបកស្បែកដូចទឹកក្រូច
  • មានការឈឺចាប់នៅសុដន់

ការពិនិត្យរកមើលមហារីកសុដន់

ការពិនិត្យរកមើលមហារីកសុដន់ គឺធ្វើឡើងចំពោះការពិនិត្យរកមហារីកសុដន់​អោយបានឆាប់រហ័ស និងបង្កើនឱកាសខ្ពស់ក្នុងការទទួលបាននូវការព្យាបាលបានជោគជ័យ។ វិធីសាស្រ្តខាងក្រោមអាចនឹងអនុវត្តបានដើម្បីរកមើលមហារីកសុដន់៖

  • ការពិនិត្យដោយខ្លួនឯង
  • ការថតឆ្លុះលើសុដន់៖ ការថតឆ្លុះលើសុដន់ត្រូវបានគេផ្តល់អនុសាសន៍ចំពោះស្រីវ័យចាប់ពី៤០ឆ្នាំ ឬលើស ត្រូវពិនិត្យនូវរៀងរាល់១ទៅ២ឆ្នាំម្តង
  • ការពិនិត្យដោយអេកូសាស្ត្រ ឬ MRI៖ ប្រសិនបើការថតឆ្លុះលើសុដន់បង្ហាញភាពមិនធម្មតាណាមួយ ការពិនិត្យដោយអេកូសាស្ត្រ ឬ MRI អាចនឹងត្រូវបានប្រើសម្រាប់ការបញ្ជាក់រោគវិនិច្ឆ័យ។

ការកំណត់រោគវិនិច្ឆ័យមហារីកសុដន់

ការកំណត់រោគវិនិច្ឆ័យមហារីកសុដន់ ត្រូវបានធ្វើឡើងនៅពេលមានដុំមិនធម្មតាណាមួយរកឃើញ (ពីការពិនិត្យខ្លួនឯង ឬក៏ការថតឆ្លុះ) ឬក៏បំណែកតូចនៃកាល់ស្យូមត្រូវបានគេរកឃើញ (នៅពេលថតឆ្លុះ)។ បន្ទាប់ពីដុំដែលសង្ស័យត្រូវបានរកឃើញ វេជ្ជបណ្ឌិតនឹងធ្វើរោគវិនិច្ឆ័យកំណត់ថាតើវាជាមហារីកឬទេ ហើយ ប្រសិនបើជាមហារីក វេជ្ជបណ្ឌិតនឹងរកមើលថាតើវារាលដាលទៅផ្នែកផ្សេងទៀតនៃរាងកាយដែរឬទេ។ ប្រសិនបើការកាត់យកសាច់ទៅពិនិត្យ ​(Biopsy) មិនអាចធ្វើទៅបានទេ វេជ្ជបណ្ឌិតនឹងប្រើប្រាស់វិធីសាស្រ្តពិនិត្យផ្សេងទៀត។

វិធីសាស្រ្តក្នុងការកំណត់រករោគវិនិច្ឆ័យមានភាពខុសៗគ្នាដោយផ្អែកលើកត្តានានាជាច្រើន ដូចជា អាយុ ការប្រើប្រាស់ថ្នាំនាពេលបច្ចុប្បន្ន  ប្រភេទនៃមហារីក ភាពធ្ងន់ធ្ងរនៃរោគសញ្ញា និងការឆាប់ទទួលបានលទ្ធផលនៃការពិនិត្យ។ ការកំណត់រោគវិនិច្ឆ័យមហារីកសុដន់ អាចនឹងត្រូវបានគេធ្វើឡើងតាមមធ្យោបាយនានាដូចខាងក្រោម៖

  • ការថតឆ្លុះដើម្បីកំណត់រោគវិនិច្ឆ័យ
    • ធ្វើរោគវិនិច្ឆ័យតាមការថតឆ្លុះសុដន់
    • អេកូសាស្ត្រ
    • MRI
  • ការកាត់យកសាច់ទៅពិនិត្យ
  • ការពិនិត្យជាលិកាសាច់ដែលបានមកពីការវះកាត់
  • ការពិនិត្យឈាម​
  • ការពិនិត្យបន្ថែម៖
    •  ការថតសួត
    • ការពិនិត្យស្កែនឆ្អឹង
    • ការធ្វើ CT Scan ដើម្បីបង្កើតរូបភាព 3D របស់សរីរាង្គរកមើលការរាលដាលនៃជំងឺមហារីក។

ការព្យាបាលមហារីកសុដន់

ការព្យាបាលមហារីកសុដន់ តម្រូវអោយមានក្រុមវេជ្ជបណ្ឌិតដែលបានទទួលការបណ្តុះបណ្តាលច្រើនដូចជា វេជ្ជបណ្ឌិតវះកាត់ អ្នកជំនាញថតដោយកាំរស្មី/វិទ្យុសកម្ម និងអ្នកជំនាញផ្នែកមហារីក ដែលនឹងបង្កើតផែនការព្យាបាលដ៍សមស្របសម្រាប់អ្នកជំងឺម្នាក់ៗ។ វេជ្ជបណ្ឌិតនឹងធ្វើការសំរេចចិត្តដោយផ្អែកលើកត្តានានាដូចខាងក្រោម៖

  • ទំហំ ទីតាំង និងលក្ខណៈនៃជាលិកាមហារីក
  • ដំណាក់កាល និង​ការរីករាលដាលនៃជំងឺ
  • អាយុ និងសុខភាពរបស់អ្នកជំងឺ
  • សរសៃប្រសាទសម្រាប់បញ្ជាអ័រម៉ូន (Hormone receptors)
  • មុន ឬក្រោយអស់រដូវ
  • កត្តានានាដែលបង្ហាញពីភាពធ្ងន់ធ្ងរនៃជំងឺដូចជា ហ្សែនHER2

ជំរើសនៃការព្យាបាលមហារីកសុដន់

  • ការវះកាត់
  • ការព្យាបាលដោយប្រើកាំរស្មី
  • ការព្យាបាលដោយថ្នាំគីមី
  • ការព្យាបាលដោយអ័រម៉ូន
  • ការព្យាបាលចំគោលដៅ